ក្រសួងការងារអះអាងថាកម្មករកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសមួយចំនួនដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យកាត់ដេរ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក ជួន បូណា  សម្រួលដោយ លោកហុក សុខរិន

ភ្នំពេញ៖   មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ  បានអះអាងថា បច្ចុប្បន្ននេះ កម្មករកម្ពុជាមានប្រាក់ឈ្នួល​អប្បបរមា​ខ្ពស់ជាងប្រទេសមួយចំនួនដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យនាំចេញ ផលិតផលកាត់ដេរ និងផលិតស្បែកជើង ។

ក្នុងពិធីបើក សិក្ខាសាលាកម្រិតខ្ពស់ស្តីពីការពិនិត្យតាមដានប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡីរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកានេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា  ត្រឹមថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេស ជាដៃគូប្រកួតប្រជែងក្នុងនាំចេញផលិតផលកាត់ដេរ និងផលិតស្បែកជើង ដូចជា ប្រទេសបង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាម ផងដែរ។

ឯកឧត្តមពន្យល់ថា  ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានឡើងជាបន្តបន្ទាប់ពីចំនួន ៤០ដុល្លារអាមេរិក ក្នុងមួយខែនៅក្នុងឆ្នាំ ១៩៩៧ ដល់ ១៨២ដុល្លារអាមេរិក ក្នុងមួយខែនៅឆ្នាំ ២០១៩ ខាងមុខនេះ ។ឯឧ.បញ្ជាក់ថា បើរួមបញ្ជូលទំាងប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី១៩៩ដុល្លា ដល់ ២១០ដុល្លាអាមេរិកក្នុងមួយខែ ដែលកម្រិតប្រាក់ឈ្នួលនេះ បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឲ្យកាន់តែប្រសើរ។

ឯកឧត្តមបានបញ្ជាក់ថា  ដើម្បីលើក កម្ពស់ កម្រិតជីវភាព របស់ កម្មករនិយោជិត ព្រមទាំងធានាបាននូវស្ថិរភាព និរន្តភាព នៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅ ប្រទេសកម្ពុជា ក្រសួងបានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមច្បាប់ ស្ដីពី ការងារ ក៏ កំណត់ផងដែរអំពី ប្រាក់ឈ្នួលអប្បបរមា ដែលចាំបាច់ ក្នុង ការធានា នូវ ជីវភាព រស់នៅសមរម្យ របស់ កម្មករ និយោជិតគ្រប់រូប និងអនុសញ្ញាអន្តរជាតិ ខាងការងារលេខ១៣១ និង អនុសាសន៍ លេខ១៣៥ ស្ដីពី ការកំណត់ប្រាក់ឈ្នួល អប្បបរមា ដែល តម្រូវឱ្យមានប្រព័ន្ធ កំណត់ប្រាក់ឈ្នួលអប្បបរមា មួយតាម បែបវិទ្យាសាស្ត្រ៕