រដ្ឋមន្ត្រីក្រសួងព័ត៌មានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជកា នៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះឱ្យក្រសួងព័ត៌មានដែលបំពេញការងារបានល្អក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោកស្រី ប៉ុង សុភាវី   សម្រួលដោយលោក ហុក សុខរិន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ របស់អគ្គនាយកអគ្គនាយកដ្ឋានទំាង៥ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង បំពេញភារកិច្ច ការងារ គ្រប់ជំនាញ ក្នុងការផ្សព្វផ្សាយ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក រយៈពេល៣ ថ្ងៃកន្លងមកនេះទទួលបានជោគជ័យនិងជាទីមោទនភាព។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រោមឱវាតក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រសាសន៍ថា  ទោះបីជា ការងារកន្លងមក បានជួបការលំបាក និងមានបញ្ហាប្រឈមមុខមួយចំនួនក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង ៥ មាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា  ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន              កម្ពុជា អគ្គនាយកដ្ឋានសោធទស្សន៍ និង អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានរួមសហការសាមគ្គីគ្នា និងអនុវត្តន៍ រាល់ភារកិច្ច តាមផ្នែកនីមួយៗ រហូតទទួលបាន លទ្ធផលល្អ ជោគជ័យ គួរអោយកោតសរសើរ។ ពិសេសធ្វើអោយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា  ដែលមិនបានមកចូលរួមដោយផ្ទាល់នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ បានដឹងនិងបានទទួលព័ត៌មានពីគ្រប់ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យតាមរយះការផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី នៅតែជំរុញ ដល់បណ្តាអគ្គនាយកដ្ឋានជំនាញ គ្រប់ផ្នែក ត្រូវតែបន្តអនុវត្ត ការងារសំខាន់ៗ នៅពេលខាងមុខទៀត ជាពិសេស ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ត្រៀមលក្ខណៈភារកិច្ចបច្ចេកទេស ឲ្យបានគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយ ព្រឹត្តិការណ៍សំខាន់ជាច្រើនទៀតរបស់ជាតិ ដូចជា ទិវាខួបរណសិរ្ស ២ធ្នូ នៅស្រុកអង្គស្នួល ខេត្តក្រចេះ ពិធីសម្ពោធវិមានឈ្នះឈ្នះ ២៩ ខែធ្នូ នៅរាជធានីភ្នំពេញ និងទិវាជ័យជំនះ ៧មករា ឆ្នាំ ២០១៩ ខាងមុខនេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ នៃប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្វើយ៉ាងណា រួមសហការ សាមគ្គីគ្នា ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារៈកិច្ចការងារនាពេលខាងមុខឲ្យសម្រេចបានលទ្ធផលល្អ និងជោគជ័យបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ ជូនដល់សាធារណៈជនទូទៅ៕