កងកម្លាំងរុស្ស៊ីបាញ់និងចាប់នាវាកងនាវាចរអ៊ុយក្រែន៣គ្រឿងក្នុងសមុទ្រខ្មៅ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — ភ្នាក់ងារសន្តិសុខសហព័ន្ធ ( FSB ) រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ីបានធ្វើការបាញ់ នឹងរឹបអូសយកនាវាកងនាវាចរអ៊ុយក្រែន ៣គ្រឿងនៅក្នុងដែនទឹករបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យបន្ទាប់ពីនាវាទាំងនេះបានរំលោភលើព្រំដែនរុស្ស៊ី ។

FSB បាននិយាយថា នាវាអ៊ុយក្រែនឈ្មោះ Berdyansk, Nikopol និង Yany Kapu បានរំលោភ ព្រំដែនរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យនឹងបានប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ថែមទៀតនៅប្រហែលម៉ោង ៧ យប់ម៉ោងក្រុងមូស្គូ ដោយបំពានលើបទបញ្ជារបស់នាវា FSB ដែលអមដំណើរ ព្រមទាំងកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ។

SB បាននិយាយថា គេបានប្រើប្រាស់គ្រឿងសព្វាវុធ ដើម្បីបង្ខំនាវាអ៊ុយក្រែនទាំង៣គ្រឿងនេះ ឱ្យឈប់ហើយបន្ទាប់មកនាវាទាំង៣គ្រឿងនោះត្រូវបានគេចាប់នៅក្នុងដែនទឹករុស្ស៊ីក្នុងសមុទ្រខ្មៅ​។

FSB បាននិយាយថា ទាហានអ៊ុយក្រែន៣នាក់ដែលរបួសបានទទួលការព្យាបាលហើយអាយុជីវិត របស់ពួកគេមិនត្រូវបានគំរាមកំហែងទេ ដោយនិយាយបន្ថែមថា ករណីឧក្រិដ្ឋកម្មមួយត្រូវបានគេបើកធ្វើឡើងលើការរំលោភព្រំដែនរុស្ស៊ីរបស់អ៊ុយក្រែន ។

នៅមុននេះកងនាវាចរអ៊ុយក្រែនបាននិយាយថា ខ្លួនបានជូនដំណែងដល់រុស្ស៊ីជាមុន អំពីការឆ្លងកាត់នៃនាវាអ៊ុយក្រែនចេញពីសមុទ្រខ្មៅទៅកាន់សមុទ្រ Azov តាមរយៈច្រកសមុទ្រ Kerch ដែលបំបែកសមុទ្រទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )