យន្តហោះរុស្ស៊ីវាយប្រហារពួកសកម្មប្រយុទ្ធស៊ីរី ដែលគេចោទថា ប្រើប្រាស់អាវុធគីមី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ — ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយថា កាលពីថ្ងៃអាទិត្យយន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ដែលបាននឹងកំពុងបាញ់ផ្លោងទៅលើពួកជនស៊ីវិលនៅក្នុងទីក្រុង         អាឡេប៉ូ នៅភាគខាងជើងដោយគ្រាប់គីមី ។

អ្នកនាំពាក្យរបស់ក្រសួងលោក Igor Konashenkov  បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់ គ្រាប់បែកលើទីតាំងកាំភ្លើងធំនានា ដែលពួកសកម្មប្រយុទ្ធធ្វើការវាយប្រហារដោយអាវុធគីមីទៅលើពួកជនស៊ីវិល នៅអាឡេប៉ូ  ដោយលោកនិយាយបន្ថែមថា គោលដៅទាំងអស់ត្រូវបានកម្ទេចចោល ។

លោកបាននិយាយថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់ប្រទេសតួកគីជាមុនតាមរយៈបណ្តាញ ទូរស័ព្ទពិសេស ។

តាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល១០៧ នាក់បានទទួលរងការថប់ដណ្តើម ដែលជាលទ្ធផលនៃការវាយប្រហារមួយរបស់ពួកឧទ្ទាមដោយ « ឧស្ម័នពុល » នៅ          អាឡេប៉ូ កាលពីថ្ងៃសៅរ៍ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )