ហ្វីលីពីន និងជប៉ុនចូលរួមរៀបចំសមយុទ្ធដែនសមុទ្ររួមគ្នា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨  — កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ប្រទេសហ្វីលីពីន និងជប៉ុន បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាមួយនៅដែនសមុទ្រនៅឯនាយឆ្នេរសមុទ្រម៉ានីល ដោយការធ្វើសមយុទ្ធនេះផ្តោតទៅលើប្រតិបត្តិការបង្ក្រាប និងប្រតិបត្តិការជួយសង្គ្រោះ។

បុគ្គលិកឯកសណ្ឋានប្រមាណ ២០០នាក់មកពីកងឆ្មាំសមុទ្រហ្វីលីពីន និងជប៉ុន បានចូលរួមនៅក្នុងសមយុទ្ធនេះ។ នាវាល្បាតចំនួនបីគ្រឿងមកពីប្រទេសហ្វីលីពីន និងមួយគ្រឿងទៀតមកពីប្រទេសជប៉ុន ក៏បានចូលរួមនៅក្នុងសមយុទ្ធនេះដែរ ដែលរួមមានទាំងការពន្លត់អគ្គិភ័យ និងការហ្វឹកហាត់បាញ់ទឹកផងដែរ។

កាលពីខែមីនា ឆ្នាំមុន ប្រទេសហ្វីលីពីនបានទទួលយន្តហោះឈ្លបយកការណ៍ TC90 ចំនួនពីរគ្រឿងពីក្រសួងការពារជាតិជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពកងនាវាចរណ៍ និងត្រៀមខ្លួនឆ្លើយតបនឹងការកើនឡើងនៃការប្រឈមមុខការគំរាមកំហែងលើដែនសមុទ្រ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា ប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងសន្តិសុខដែនសមុទ្រ ដូចជាការលួចចម្លងអ្នកបះបោរប្រដាប់អាវុធនៅ      សមុទ្រស៊ូលូ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត រួមទាំងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ និងការជ្រៀតចូលទៅក្នុងតំបន់នេសាទនៅដែនសមុទ្រហ្វីលីពីនផងដែរ។

យន្តហោះស៊ើបការណ៍នេះអាចហោះហើរក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ ដែលអាចបង្កើនសមត្ថភាពហោះហើរទ្វេដង។ កងនាវាចរបាននិយាយថា ខ្លួនមានថវិកាប្រមាណជិត ៦ប៊ីលានប៉េសូ( ស្មើនឹង ១១៤,៦៥លានដុល្លារអាម៉េរិក( ដើម្បីទិញយន្ដហោះល្បាតសមុទ្រដែលអាចហោះហើរក្នុងចម្ងាយឆ្ងាយ ដើម្បីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់ (ISR)។

ប្រទេសជប៉ុនមានគម្រោងជួលយន្តហោះឈ្លបយកការណ៍ចំនួន ៥គ្រឿង ប៉ុន្តែកាលពីឆ្នាំមុន គេបានសម្រេចផ្ទេរយន្តហោះនេះដោយមិនគិតកម្រៃ បន្ទាប់ពីការផ្លាស់ប្តូរត្រូវបានធ្វើឡើងនៅក្នុងច្បាប់ស្វ័យការពាររបស់តូក្យូ ដែលអនុញ្ញាតឱ្យមានការបរិច្ចាគសម្ភារៈការពារ និងសម្ភារៈយោធាដល់បណ្តាប្រទេសជាដៃគូ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)