ទូកងវែងជាងគេលើកពិភពលោក បានរំកិលទូកពីផ្ទៃទឹកទៅកាន់វាលព្រះមេរុ ដើម្បីដាក់តាំងបង្ហាញ ជូនសាធារណជនទស្សនា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទូកងដែងវែងជាងគេ លើពិភពលោកមានឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី ដែល​ទើប​តែនឹង ជាប់កំណត់ត្រាទូក ង វែងជាងគេលើពិភពលោកកាលពីថ្ងៃទី១២កន្លងមក ហើយបន្ទាប់ពីបញ្ចប់​ព្រះ​រាជ​ពិធីអ៊ុទូកថ្មីៗនេះទូក ង វែងជាងគេនឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាល​ព្រះមេរុ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនភ្ញៀវជាតិ និង អន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ៣០ ។


គោលបំណងសំខាន់ៗ នៃការផលិតទូកង ដែលវែងជាងគេនេះ គឺចង់ រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការ​ផលិត និង ការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវ ស្នាព្រះហស្តរបស់ ព្រះ​មហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី ,ជួយលើក តម្កើង​កិត្យា​នុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើត ស្នាដៃ​ដ៏អស្ចារ្យមួយ , ជំរុញស្មារតីស្នេហាជាតិ និង សាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការ ថែរក្សា និង អភិរក្សកេរ​ដំ​ណែល​ពីដូនតា , ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំង អាចផលិតបាន អ្វីដែលអស្ចារ្យជាង​គេលើ​ពិភពលោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាម រយៈការកសាងទូកង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ,ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវ អ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើ ឆាកអន្តរជាតិ។


ឯកឧត្តម ស សុខាបានបញ្ជាក់ថា ទូក ង ដែលមានប្រវែងវែងជាងគេ នៅលើពិភពលោក ដែល​ផលិត​ឡើង​បញ្ចប់​ជាស្ថាពរ ដោយស្នាដៃកូនខ្មែរ នៅខេត្តព្រៃវែងមានឈ្មោះថា កម្ពោជិកបុត្តាខេមរាតរី មានប្រវែងបណ្ដោយ ៨៧,៣ម៉ែត្រ ទទឹង ១,៩០ម៉ែត្រ ដាក់ចំណុះទូកបាន ១៧៩នាក់ ត្រូវបានផ្តួចផ្ដើមកសាង ឡើងដោយរូបលោកផ្ទាល់ និងក្រោមកិច្ចសហការជាមួយក្រុមកាងារពាក់ពន្ធ័ បន្ទាប់ពីបញ្ចប់ការដាក់តាំងបង្ហាញ ទូក ង នៅរាជាធានីភ្នំ​ពេញ​នេះទៅ ទូកនេះនឹងរំកិលខ្លួនទៅតាំង នៅខេត្តព្រៃវែងវិញដើម្បីតំណាងឲ្យ ខេត្តព្រៃវែងទាំងមូល​ដែល​បានខិត​ខំ​កសាងនិង ផលិតទូកងនេះឡើង ៕