ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ខេត្ដមណ្ឌលគិរី ទទួលបានភ្ញៀវមកលេងកម្សាន្ត ចំនួន២២.៦៤១នាក់

AKP មណ្ឌលគិរី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — មន្ទីរទេសចរណ៍ខេត្ដមណ្ឌលគិរី បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកដើរលេងកម្សាន្ដនៅ ក្នុងខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ មានការកើនឡើងទ្វេដងច្រើនជាងឆ្នាំ​មុនពោលប្រមាណ២២.៦៤១នាក់។

 ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានថ្លែងថា ភ្ញៀវទេសចរក្នុង រយៈពេលបីថ្ងៃមានចំនួនសរុប ២២.៦៤១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ២២.២៣៣​នាក់ និងអន្តរជាតិចំនួន៤០៨នាក់ បើធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ មានតែចំនួន ១៣​.៧៧២នាក់ ក្នុងនោះទេសចរជាតិ ១៣ ៤៧៦នាក់ ទេសចរអន្តរជាតិ ២៩៦នាក់ កើនសរុប ៦៤.៣៩ភាគរយ ទេសចរអន្តរជាតិ​កើន ៣៧.៨៣ភាគរយ។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលមានការកើនឡើងនេះ គឺជាមោទនភាពមួយដែលខេត្តទទួលបាន ខណៈចំនួនភ្ញៀវទេសចរមាន កើនឡើងលើសពីក្តី​រំពឹង​ទុក និងស្របពេលដែលខេត្តមណ្ឌលគិរី ពុំទាន់មានបន្ទប់ស្នាក់នៅគ្រប់តាម​តម្រូវ​ការភ្ញៀវទេសចរនៅឡើយ។ លោកបានបន្ថែមថា ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្តមណ្ឌល​គិរីនេះ​ក៏មានភាពល្អប្រសើរ ៕

ដោយ ចាន់បុត្រ