ក្នុងពិធីខួបឆ្នាំទី១០នៃការបង្កើតសមាគមផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការគ្នាមនុស្សធម៌​ ស្ថានទូតខ្មែរនៅកូរ៉េ ស្នើចង់បានការពង្រឹងវិស័យពាណិជ្ជកម្ម និងវិនិយោគកាន់តែខ្លាំងថែមទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


ឯកអគ្គរដ្ឋទូត​កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម​ ឡុង​ ឌីម៉ង់​ កាល​ពី​ល្ងាចថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៨​ បាន​ចូលរួមកម្មវិធីខួបទី១០​ឆ្នាំនៃការបង្កើត​សមាគមផ្លាស់ប្តូរវប្បធម៌និងសហប្រតិបត្តិការគ្នាមនុស្សធម៌​ Daegu-Gyeongbuk International Exchange Association (DGIEA)​ ដោយមាន​ការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​អភិបាលខេត្តខ្យងប៊ុករួម​ជាមួយ​ឯកឧត្តម​​អភិបាលក្រុងថេហ្គូ​ អង្គទូតចំនួន៣៣​ និងថ្នាក់ដឹកនាំ​ DGIEA​ ភ្ញៀវអន្ដរជារិ​ និងសមាជិកសមាគមប្រមាណជាង​ ១ពាន់នាក់។

ក្នុងនោះឯកឧត្តម​អភិបាលខេត្តខ្យងប៊ុករួមជាមួយឯកឧត្តម​អភិបាលក្រុងថេហ្គូបានប្តេជ្ញាបន្តការគាំទ្រក៏ដូចជាជម្រុញឲ្យគ្រប់សមាគមន៏មិត្តភាពកូរ៉េ និងបណ្តាប្រទេស៣៣ដែលជាសមាជិកបណ្តាញរបស់ Daegu-Gyeongbuk International Exchange Association (DGIEA)រួមមាន​កម្ពុជាមួយផងដែរនោះ ផ្លាស់ប្តូរសកម្មភាពវប្បធម៌គ្នា សហប្រតិបត្តិការ​គ្នា​ផ្នែក​មនុស្សធម៌ទៅវិញទៅមក ដើម្បីជាការរួមចំណែករឹតចំណង​សាមគ្គីភាព​ជាមួយកូរ៉េឲ្យកាន់តែរឹងមាំ។

ថ្លែងទៅកាន់អង្គមីទ្ទីញឯកឧត្តម​​ ឡុង​ ឌីម៉ង់​បានគូសបញ្ជាក់​ និងស្នើសុំឲ្យក្របខ័ណ្ឌកិច្ចសហការគ្នានៃសមាគមន៏មិត្តភាពទាំងនោះមិនត្រូវមើលរំលងលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងគ្នានិងគ្នាទេ ដើម្បីឲ្យពលរដ្ឋយើងទាំងអស់គ្នាទទួលបាននូវសុខដុមនិយកម្មពីមិត្តភាពនេះ៕