សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសុខសន្តិភាព គឺផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា បានប្រារព្ធ​ពិធីបុណ្យធំៗជាច្រើន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានសុខសន្តិភាព គឺផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យធំៗ​ជាច្រើននៅ​ក្នុ​ង​ប្រទេស ព្រមទាំងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

នៅលើបណ្ដាញទំនាក់ទនងសង្គម ហ្វេសប៊ុក នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​​បានសរសេរថា ពិធីបុណ្យអុំទុកបានបញ្ចប់ប្រកបទៅដោយភាពសប្បាយរីករាយនៅ​គ្រប់ទី​កន្លែងទូទាំងប្រទេស ហើយសូមអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និងគណ: កម្មការទូក​ដែលបានចូលរួមដឹកនាំប្រកួតប្រជែងនៅក្នុងពីធីបុណ្យអុំទូក ដ៏អធិកអធមនេះ។ សម្ដេចតេជោក៏សូមបងប្អូន​កី​ឡា​ករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិលទៅកាន់លំនៅឋាន វិញប្រកបដោយសុខសុវត្ថិ​ភា​ព​​តាមផ្លូវ។ ទន្ទឹមនេះដែរ សម្ដេចតេជោក៏បានអរគុណដល់​អាជ្ញាធរ និងកងកម្លាំង​សមត្ថកិច្ចគ្រប់លំដាប់​ថ្នា​ក់ដែលបានចូលរួមការពារថែរក្សា​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាល​ដែល​បានផ្តល់នូវការមើលថែសុខភាព​ជូនបង​ប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ​និង​អ​ន្ត​រ​ជាតិបានសប្បាយរីករាយនៅក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃមកនេះ។ ទន្ទឹមនេះ សូ​ម​បងប្អូនចូលរួម​សម្អាត​សំរាម និងបរិស្ថានឱ្យបានស្អាតល្អ ដើម្បីសុខភាពយើង​ទាំងអស់​គ្នា​។ សម្ដេចតេជោ​បាន​លើកឡើងថា កម្ពុជាមាន​សុខសន្តិភាព គឺផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានប្រារព្ធ​ពិធីបុណ្យធំៗ​ជា​ច្រើននៅក្នុងប្រទេស ព្រមទាំងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុង​មួយឆ្នាំៗ។ សូម​ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ។

ឯកឧត្ដម ប៊ូ ជុំសេរី គណៈមេប្រយោគនៃអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក បាន​​ឱ្យ​ដឹងថា  ក្នុងព្រះ​រាជពិធី​បុ​ណ្យ​​​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០​១៨​នេះ ស្ថា​ប័​​​ន ក្រសួង រាជធានី ខេត្ត​ក្រុងចំនួន២៤  ទូ​ទាំង​​ព្រះ​រា​ជា​ណា​​ចក្រកម្ពុជា​បាន​​ចាត់​តាំ​​ង​​បញ្ជូន​ទូក​​មួង ទូក​ ង ទូក​ខ្នា​តអន្តរជាតិបុរស នារី ចំនួន​២៩​៥​ទូ​ក មក​​ចូលរួមក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូ​ក ក្នុងនោះមានទូកមួងចំនួន ៣៣ ក្នុងនោះមានទូកនារី ០១​ ទូកអុំចំនួន ១៦៤ ក្នុង​នោះ​មាន​ទូក​នា​​រី ០១ ទូកខ្នាតអន្តរជាតិចំនួន ៩៨ ក្នុងនោះ​មាន​ទូក​នា​រី ០២ និងមា​ន​​ចំ​ណុះ​ទូក​កីឡាករ កី​ឡា​​​កា​រិនី សរុប​ចំនួន ១.៩០១៧ នាក់ ដែលក្នុងនោះ​មា​ន​ស្ត្រីចំនួន ២២០។ ឯកឧត្តមបានបន្ដថា ឆ្លង​កាត់​​ការ​ប្រឡង​ប្រណាំងយ៉ាងស្វិតស្វាញ និងប្រកបដោយស្មារតី​សា​មគ្គី​ភាព ភាតរភាព យុត្តិ​ធ​ម៌ និងស្មារតីអង់​អាច​ក្លាហានអស់រយៈពេល៣ថ្ងៃកន្លងមកនេះ លទ្ធ​ផលបច្ចេកទេសដែល​ទ​ទួ​​ល​បានរួមមាន៖ ១-ទូក​ខ្នាតអន្តរជាតិនារី ផែនលេខ១ មានចំនួន​១ទូក ផែនលេខ២ មាន​ចំ​នួ​ន​​១​ទូក។ ទូកខ្នាតអន្តរជាតិបុរស ផែនលេខ១ មានចំនួន ២០​ទូក ផែន​លេខ២ មានចំនួន​ ៣៦ ​ទូក​ ផែនលេខ៣ មានចំនួន៣០ទូក និងផែនលេខ៤ មានចំនួន​១០​ទូក។ ទូកអុំ​ប្រ​ពៃណីនារី គឺ​ផែ​ន​លេខ១ មានចំនួន១ទូក ទូកអុំប្រពៃណីបុរស ផែនលេខ១ មាន​​ចំនួន​១០៧ទូក ផែន​លេ​ខ​២​ មានចំនួន២៣ទូក ផែនលេខ៣ មានចំនួន២៦ទូក និងផែន​លេ​ខ​៤ មាន​ចំនួន៦ទូក។ ទូក​ចែ​វ​​នារី ផែនលេខ១ មានចំនួន១ទូក។ ទូក​ចែវ​បុរ​ស ផែនលេខ១ មានចំនួន៦ទូក ផែនលេខ២ មា​ន​​ចំនួន៦ទូក ផែនលេខ៣ មាន​ចំ​នួ​ន​​១៤ទូ​ក​​ និងផែនលេខ៤ មាន​ចំនួន៤ទូក។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ទូកគូពិសេស​ដែល​មានល្បឿនលឿន​ជាងគេ​នៅទូទាំងព្រះរាជាណាចក្រ​កម្ពុ​ជា ក្នុង​ឆ្នាំ​២០​​១៨នេះមាន​ចំនួន​៣​​ទូក គឺ​ទូកលេខ១​បានទៅលើទូកឈ្មោះ កោះកែសែន​ជ័យ​បារមីព្រះអង្គខ្មៅ មកពីខេត្តព្រះ​វិហារ​ពាក់ស្លាកលេខ ២៣៧ មា​ន​ចំណុះ ៧៧នាក់ នៅ​ក្នុង​រយៈ​ពេល៣ថ្ងៃនៃការ​ប្រណាំង​ប្រ​ជែ​ងនេះ បានប្រើប្រាស់​នូវ​ថេរ​វេ​លា​ត្រឹម ២៧នាទី ២៣វិនា​ទី​ និង​​៤២តែប៉ុណ្ណោះ ទូកលេខ២ បា​ន​​ទៅ​លើ​ទូក​ឈ្មោះ សារាយតេ​ជោ​​​​សែនជ័យ​ មកពីខេត្ត​ក​ណ្ដា​​​​ល ពាក់ស្លាកលេខ២៤៥ ចំណុះ៧៧នាក់ ក្នុងរយៈ​ពេលបីថ្ងៃ​ការ​​​​ប្រណាំង​ប្រជែងនេះ ប្រើ​​ប្រាស់ថេរវេលាត្រឹមតែ២៧នាទី ៣១​វិ​នា​ទី២៦ តែ​ប៉ុណ្ណោះ។ ទូក​លេខ​៣ បាន​ទៅ​លើទូក​ឈ្មោះ​ សម្ដេចវិបុលបញ្ញាបារមីមានជ័យ ម​ក​​ពីខេត្ត​តាកែវ ពាក់ស្លាក​លេ​ខ ២២៣ ចំណុះ ៧៥​នា​ក់ ក្នុងរយៈពេល៣ថ្ងៃនៃការប្រណាំង​ប្រ​ជែង​នេះ បានប្រើប្រាស់នូ​វ​ថេ​រ​​វេលាត្រឹម ២៧នាទី ៣០​វិនាទី៩៩ ភាគរយតែប៉ុណ្ណោះ។ ដោយឡែក ចំពោះ​ទូក​ដែល​​ទទួល​ជ័យលាភីផ្នែក​សោ​ភណភាពល្អ មានវិន័​យ ​​សេចក្ដីថ្លៃថ្នូរ មានចំនួន៣​ទូក គឺទូក​ឈ្មោះ​​និស្ស័យ​ឧត្ដម ពាក់ស្លាក​លេ​ខ ០៥០ ជាទូកខ្នាត​អន្តរ​​ជាតិបុរសមកពីខេត្ត​កណ្ដាល ទូកឈ្មោះ ទៀវិញនាគសែន​ជ័យ​រស្មី​ចន្ទ្រា ពាក់ស្លាកលេខ ១៥​៦ ជាទូកអុំបុរស មកពី​អង្គ​ភា​ព​កង​ទ័ពជើងទឹកកម្ពុជា និងទូក​ឈ្មោះ ឈ្មោះព្រះទីនាំង​សា​រា​យ​​អណ្ដែតចង្ហាន់ ហុយ ពាក់​ស្លា​ក​លេខ​ ២៩៤ ជាទូកចែវបុរស​មក​ពីខេត្តកំពង់ឆ្នាំង៕

ដោយ ជឹម ណារី