រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកឈឺក្បាល វិលមុខ ចូលពិនិត្យ និងទទួលសេវាព្យាបាលជាង២ម៉ឺននាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ៖ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ វេជ្ជបណ្ឌឹត ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ និងផ្តាសាយផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាបាលចំនួន ២០.៣៦៤នាក់ ក្នុងនោះសំរាប់រយៈពេល១ថ្ងៃមានប្រមាណជាង៩០០០នាក់ គឺគ្រាន់តែ ឈឺក្បាល វិលមុខ និងខ្យល់គរជាដើម ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន៣៧នាក់ តែមិនមានសភាពធ្ងន់ធ្ងរនោះទេ ។

លោក បន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរងចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៧កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ ចំនួន ១៥.៥៣៧ នាក់ ក្នុងនោះ ប្រុសចំនួន១១.៥០១នាក់ និងស្រីចំនួន៤០៣៦នាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់ ៕