ភ្ញៀវទេសចរបន្តដើរកំសាន្តសប្បាយរីករាយនៅថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្តនាំគ្នាដើរកំសាន្តសប្បាយរីករាយនៅថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុ​ក  ដោយពីរថ្ងៃកន្លងនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្​តរជាតិចូល​អង្គុយ​លើវេទិការ​មុខព្រះបរមរាជវាំងជិត៨ពាន់នាក់  ខណៈអាជ្ញាធរថាមានប្រជាពលរដ្ឋខ្មែរជាង២​លាននាក់ចូលរួមក្នុង​ពិធីបុណ្យជាតិ​ខ្មែរនេះ​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា បុណ្យអុំទូករយៈពេលបីថ្ងៃនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបង្ហាញពីជំនឿលើសន្តិភាព មានភាព ​កក់ក្ដៅក្នុងចិត្ត និងបង្ហាញថាប្រជាពលរដ្ឋខ្មែមានជីវភាពធូរធារ ។

នៅថ្ងៃទី១មានភ្ញៀវទេសចរអន្តរជាតិប្រមាណពី៣ទៅ៤ពាន់នាក់ និងថ្ងៃទី២មានជាង៤ពាន់នាក់ បានចូលអង្គុយលើវេទិការដែលរៀបចំដោយក្រសួងទេសចរណ៍ ដើម្បីមើលការប្រណាំងទូក ដោយផ្ទាល់នៅមុខព្រះបរមរាជវាំង។  បើសរ៉ុបទាំងបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាងពីរលាននាក់ចូលរួម។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា ទេសចរបរទេសបានពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិ​ការណ៍ដ៏ធំនេះ ពួកគេនឹងពាំនាំទិដ្ឋភាពដ៏អស្ចារ្យនាឱកាសនេះ ទៅផ្សព្វផ្សាយប្រាប់សាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់ខ្លួន ឱ្យបានយល់ច្បាស់ពីសភាពការណ៍ពិតក្នុងប្រទេសកម្ពុជា ដែល​ពោរពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព និងផលិតផលទេសចរណ៍ល្អៗជាច្រើនសម្បូរបែប។

សូមបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះក្រសួងទេសចរណ៍ បានរៀបចំវេទិកាទេសចរណ៍ដោយមានបម្រើសេវាកម្មទឹកបរិសុទ្ធ និងភេសជ្ជៈនានាដោយឥតគិតថ្លៃ ហើយមានការបកប្រែជាបីភាសា ទាំងផ្ទាល់មាត់ផង និងឧបករណ៍ស្ដាប់នឹងត្រចៀកផង ជូនភ្ញៀវបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន៕