ប្រជាពលរដ្ឋគាំទ្រក្រុមតន្រ្តីសំនៀងជនពិការ ដែលប្រគុំនៅរមណីយដ្ឋានវត្តភ្នំ

វិទ្យុជាតិកម្ពុជា៖ ដោយ  អ៊ី កនិកា ៖

ប្រជាពលរដ្ឋគាំទ្រក្រុមតន្រ្តីសំនៀងជនពិការ ដែលបានប្រគំកម្សាន្តនៅតំបន់រមណីយដ្ឋានវត្តភ្នំ ក្នុងឱកាស​ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
អ្នកមីង មាស ធារី ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា គាត់បានគាំទ្រ​ចំពោះកាប្រគំ​តន្រ្តី​របស់សមាគមជនពិការនេះ បើទោះបីពួកគាត់ជាជនពិការក៏ពិតមែន តែគាត់មាន​សមត្ថភាព​បញ្ចេញ​នូវសូរ្យ​សៀង​យ៉ាងពិរោះធ្វើអោយមហាជនមានភាពសប្បាយរីករាយ។


ចំណែក លោកអុំ ស៊ុន កំសត់ ប្រជាពលរដ្ឋមកពីខេត្តពោធិសាត់វិញ ក៏បានគាំទ្រដោយសារជនពិការទាំងនេះ មាន​ទេព​កោសល្យក្នុងបញ្ចេញសំនៀង និងលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញ។
លោក ហេង គន្ធា អនុប្រធានសមាគមតន្រ្តីសំនៀងជនពិការរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុង​ព្រះ​រាជពិធីបុណ្យអុំទូកនេះ មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋកម្ពុជា និងទេសចរបរទេសយ៉ាង​ច្រើនមកពី​គ្រប់​មជ្ឈដ្ឋានតាំងពីព្រឹករហូតដល់យប់ ដោយនៅក្នុងនោះ ពួកគាត់បានចូលរួមបរិច្ចាគថវិកា​សម្រាប់ជួយ​ឧបត្ថម្ភជន​ពិការដើម្បីយកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ក្រៅពីការស្វែងរកថវិកាតាមរយៈការប្រគំតន្ត្រីក្នុងព្រះរាជពិធីបុណ្យអុំទូក សាលារាជធានីភ្នំពេញ ក៏​បានអនុញ្ញាតឲ្យសមាគមតន្រ្តីសំនៀងជនពិការ ប្រគំតន្រ្តីនៅរមណីយដ្ឋានវត្តភ្នំនេះ ពីថ្ងៃសុក្រ​ដល់ថ្ងៃ​អាទិត្យ​​​​រៀង​រាល់សប្តាហ៍ ដើម្បីរកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ៕