បុណ្យអុំទូកឆ្នាំនេះពលរដ្ឋពេញចិត្តចំពោះការដាក់បង្គន់សាធារណៈរបស់សាលារាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក វ៉ែន សុវុទ្ឋី

ភ្នំពេញ: ប្រជាពលរដ្ឋដែលមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ និងអក​អំបុកនៅ​ភ្នំពេញ​ឆ្នាំ២០១៨​នេះ បានបង្ហាញការពេញចិត្តចំពោះ អាជ្ញាធររាជធានីភ្នំពេញ ដែលបានដាក់បង្គន់​សាធារណៈ​ឲ្យ​ប្រជាពលរដ្​​ឋ​ប្រើប្រាស់​ដោយឥតគិតថ្លៃដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

អ្នកស្រី ជា កល ប្រជាពលរដ្ឋមកពីខេត្តកណ្តាលបានប្រាប់វិទ្យុជាតិកម្ពុជាថា បានអគុណចំពោះអជ្ញាធរបានដាក់ពង្រាយបង្គន់អនាម័យជាច្រើនកន្លែង តាមគោលដៅកំសាន្តនានាក្នុងរាជធាំនីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់បានងាយស្រួល មិនពិបាកទៅបន្ទោបង់ពាសវាលពាលកាលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងធានាបានសុវត្ថិភាពផងដែរ ៖ «អត់អីទេ អុំទូកឆ្នាំនេះ អុំយល់ថាសប្បាយជាងរាល់ឆ្នាំហើយបច្ចេកទេស ក៏ហឺហារជាងរាល់ឆ្នាំ ហើយមានបង្គន់បន្ទាប់ទឹកស្អាតពេញបរិបូរណ៍ ។ ឆ្នាំនេះ ប្រជាពលរដ្ឋបានយល់ដឹងច្រើនពីបញ្ហាអនាម័យ ពេលយើងមានបង្គន់ច្រើនចឹងមិនពិបាក់បត់ជើងហើយណាមួយកន្លែងយើងកស្អាតហើយទីក្រុងយើងភ្នំពេញយើងស្អាតមិនដូចឆ្នាំមុនៗដែរ»។

ស្រដៀងគ្នានេះដែរ លោក ជិន សុភា ប្រជាពលរដ្ឋមកពីខេត្តក្រចេះម្នាក់ទៀតបានឲ្យដឹងដែរថា ការដាក់ឲ្យប្រើប្រាស់បង្គន់អនាម័យច្រើនក្នុងព្រះរាជពិធីបុណ្យអុំទូកបែបនេះគឺជាការ​ចូលរួមថែរក្សាអនាម័យសុខភាពសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យបានស្អាត អាចទាក់ទាញភ្ញៀវទេសចរឲ្យមកលេខព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០១៨នេះ  អាជ្ញាធររាជធានីភ្នំពេញបានដាក់បង្គន់អនាម័យ និងបន្ទាប់ទឹកចំនួន ៦៤៨ បង្គន់ ដើម្បី អោយប្រជាពលរដ្ឋ និងកីឡាករទូកដែលបានមកចូលរួមកម្មវិធីបុណ្យអុំទូកបានប្រើប្រាស់ដោយឥគតិថ្លៃ៕