សមត្ថកិច្ចបង្កើនការពង្រឹងសន្ដិសុខ និងសណ្តាប់ធ្នាប់នៅថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា និង លោក ចន ណារិទ្ធ៖

សមត្ថកិច្ចបង្កើនការពង្រឹងសន្ដិសុខ សណ្តាប់ធ្នាប់ ខណៈកំណើនប្រជាពលរដ្ឋចូលមកកាន់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃបញ្ចប់កាន់តែច្រើន។


កងកម្លាំងមានសមត្ថកិច្ចនៅតាមគោលដៅច្រកចេញចូលតំបន់កម្សាន្ត នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​​​​អកអំបុក សំពះព្រះខែ បានបង្កើនការត្រួតពិនិត្យ និងដាក់របាំងការពារ មិនឲ្យយានយន្ត​ដែលគ្មាន​ការអនុញ្ញាត​ចេញចូលនោះឡើយ ដោយអនុញ្ញាតឲ្យតែអ្នកថ្មើរជើងចេញចូល តែប៉ុណ្ណោះ។


លោកអនុសេនីយ៍ឯក ហុង រដ្ឋា នាយរងផ្នែកអន្ដរាគមន៍ដែលទទួលប្រចាំការនៅតំបន់កម្សាន្ត កោះពេជ្រ បានឱ្យដឹងថា ការរឹតបន្តឹងនេះ គឺដើម្បីធានានូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរអន្តរជាតិតែប៉ុណ្ណោះ។

លោកបានស្នើសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការហាមឃាត់មិនឲ្យយានយន្តចូលនេះ។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកកម្សាន្ដក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចុងក្រោយនេះ ប្រុងប្រយ័ត្នចំពោះការវង្វេងកូនតូចៗផងដែរ។


ប្រជាពលរដ្ឋរស់នៅរាជធាភ្នំពេញ ក៏ដូចជាមកពីបណ្ដាខេត្ត ដែលចូលទៅកម្សាន្តនៅតំបន់ប្រារព្ធពិធីអុំទូកដូចជា នៅមុខព្រះបរមរាជវាំង កោះពេជ្រ ជាដើមនេះ បានគាំទ្រចំពោះការរឹតបន្តឹងមិនឱ្យយានយន្តចូល​នៅតំបន់ហាម​ឃាត់ ដោយអនុញ្ញាតឲ្យតែដើរចូលនេះ។


អគ្គស្នងការនគរបាលជាតិ បានដាក់ពង្រាយកងកម្លាំងចម្រុះជាង១ម៉ឺន៣ពាន់នាក់ នៅតំបន់ សំខាន់ៗដូចជា តំបន់មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ តំបន់កម្សាន្តកោះពេជ្រ និងនៅតាមគោលដៅច្រកចេញ​ចូលរាជ​ធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ក៏ដូចជាទេសចរអន្តរជាតិ។


លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែនៅរាជធានីភ្នំពេញនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសសរុបជិត២លាននាក់ ខណៈការព្យាករណ៍ក្នុងរយៈពេល៣ថ្ងៃ នៃពិធីនេះ អាចមានជាង៣លាននាក់ ៕