ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកមានប្រជាពលរដ្ឋចូលរួមប្រមាណ ១លាន៥សែននាក់

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ រាជធានីភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់​ថ្ងៃទី២នៃព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ​១លាន​៥​សែន​នាក់ បាន​ចូលរួមសប្បាយរីករាយ  ក្រោមបរិយាកាសស្និតស្នាល កក់ក្តៅ និងសោមនស្សរីករាយក្រៃលែង។

លោក បន្តថា ការមកកំសាន្តច្រើន នេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿលើសន្តិភាព មានភាពកក់​ក្ដៅក្នុង​ចិត្ត មាន​ជីវភាពធូរធារ ទើបបងប្អូនមានលទ្ធភាព ចូលរួមទទួលយកនូវភាព សប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បានល្អ ដោយសារប្រជាពលរដ្ឋមានការចូលរួម និងយល់ដឹងខ្ពស់ ដូចជាការទុកដាក់បញ្ហាសំរាមជាដើម ៕