ប្រជាពលរដ្ឋពេញចិត្តចំពោះការផ្តល់សេវាសុខាភិបាល ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ភួង ឈុនលាង

ភ្នំពេញ៖ ប្រជាពលរដ្ឋនិងក្រុមកីឡាករទូកដែលបានមកចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់បំរើសេវាកម្មសុខាភិបាល២៤ម៉ោងលើ២៤ដោយឥតគិតថ្លៃរបស់ក្រសួងសុខាភិបាលនៅតាមគោលដៅនីមួយៗ។

លោកកែនឈាងហុង ពលរដ្ឋមកពីខេត្តព្រៃវែងដែលបានទទួលសេវាកម្មសុខាភិបាលនេះបានប្រាប់វិទ្យុជាតិកម្ពុជាដោយការសប្បាយចិត្តចំពោះការផ្តល់សេវាសេវាសុខភាពនេះព្រោះមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពនៅពេលដែលមកចូលរួមបុណ្យអុំទូកឆ្នាំនេះ ។

ជាមួយគ្នានេះដែរ អ្នកស្រី សុខ សារ៉េត មកពីខេត្តកំពង់ចាមដែលបានមកពិនិត្យជម្ងឺ និងទទួលថ្មាំគ្រុនផ្តាសសាយពីប៉ុស្តិ៍សុខភាពនៅជ្រោយចង្វារបានអគុណដល់ក្រសួងសុខាភិបាលដែលបានជួយពិនិត្យព្យាបាលរួបលោក ក៏ដូចជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

ដោយឡែក លោកឈឹម សារូយ ចៅសង្កាត់បារាយណ៍ ក្រុងព្រៃវែងដែលបានប្រាប់ឲ្យដឹងដែរថាការដែលមានសេវាសុខាភិបាលប្រចាំការ២៤ម៉ោងនេះបានធ្វើឲ្យប្រជាពលរដ្ឋ និងកីឡាករចំណុះទូកមកពីបណ្តារាជធានីខេត្តមិនមានការព្រួយបារម្មណ៍អំពីការស្វែងរកសេវាសុខភាព។

សូមជម្រាបជូនថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំ២០១៨នេះក្រសួងសុខាភិបាលបានដាក់ពង្រាយក្រុមគ្រូពេទ្យជាង១ពាន់នាក់ រថយន្ដសង្គ្រោះ៦៨គ្រឿង ដោយ១១គ្រឿងប្រចាំនៅតាមតង់សុខភាពទាំង១២កន្លែង ១៤គ្រឿង ដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងច្បាស់លាស់, ២៤គ្រឿង ប្រចាំការនៅក្រសួងសុខាភិបាល, ១៣គ្រឿងទៀត ប្រចាំការនៅតាមទូកងនីមួយៗដែលកីឡាករអញ្ជើញមកពីបណ្ដារាជធានីខេត្ដ  ហើយក្រសួងក៏បានត្រៀមបន្ថែមទៀតនូវរថយន្ដសង្គ្រោះនៅតាមមន្ទីរពេទ្យចំនួន៦ទៀតផងដែរ៕