ប្រជាពលរដ្ឋចំណាប់អារម្មណ៍ការរៀបចំភ្លើងចំរុះពណ៌នៅភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ ហៀង គន្ធា ៖

ប្រជាពលរដ្ឋចំណាប់អារម្មណ៍ការរៀបចំភ្លើងចំរុះពណ៌នៅភ្នំពេញ ដែលត្រូវបានរៀបចំឡើងក្នុងឱកាស នាឱកាស​ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ។
កញ្ញា ស៊ឹម សុផាន់ណា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការចាប់អារម្មណ៍ថា ការរៀបចំព្រះ​រាជពិ​ធី​បុណ្យអុំទូកឆ្នាំនេះស្អាតជាងបណ្តាឆ្នាំមុនៗ ដោយឆ្នាំនេះនៅតាមដងផ្លូវមានភ្លើងគោមចំរុះពណ៌ ដែលធ្វើអោយ​រាជ​ធានីភ្នំពេញមានសម្រស់ស្រស់ស្អាត ហើយមានភាពទាក់ទាញការចាប់អាម្មណ៍ពីប្រជាពលរដ្ឋជាច្រើន ដែល​មក​លេងបុណ្យអុំទូកឆ្នាំ។


ចំណែក លោក ចាន់ នី ប្រជាពលរដ្ឋមកពីខេត្តព្រៃវែង បានអោយដឹងប្រហាក់ប្រហែលគ្នាដែរថា ទិដ្ឋភាពនៅ​តាម​ដង​ផ្លូវនៅពេលរាត្រីពិតជាស្រស់ស្អាត ដែលមានរចនាខុសប្លែកពីឆ្នាំមុនៗ។

ដូចគ្នានេះដែរ កញ្ញា ផល្លី មកពីខេត្តកំពង់ធំ បានលើកឡើងថា ការដាក់ភ្លើងគោមនៅតាមដងមហាវិថីនេះ ធ្វើ​អោយ​មាន​សោភណ្ឌភាពស្រស់ត្រកាល។

វាផ្តល់នូវសោភណ្ឌភាពមួយកំរិតបន្ថែមទៀត ការកែច្នៃរចនាអីអញ្ចឹងមកដូចអភិវឌ្ឍ កាលមុន​ខ្ញុំនៅ​តូច​ខ្ញុំ​មកលេង​ដែរតា ជុំបងប្អូនកាលហ្នឹងអាយុ៤-៥ឆ្នាំ កាលនឹងគេចែច្នៃដែរ តែអត់ទាន់ ដល់ពេល​ឥឡូវនិងអភិវឌ្ឍន៍​ជាង​​មុន​អញ្ចឹងទៀតនិយាយទៅមានភ្លើងមានអីអញ្ចឹងទៅ។ ភ្លើងវាមានពីដើមហើយ តែវាមានការ​ចែច្នៃផ្សេងៗ​អញ្ចឹង​ទៀត។ អញ្ចឹងទៅមានអារម្មណ៍ថាសប្បាយជាងមុន មានសោភណ្ឌភាពកក់ក្តៅជាងមុនពេលមកលេងកំសាន្ត។
សាលារាជធានីភ្នំពេញ បានរៀបចំតុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងវិថី សួនច្បារ និងគោលដៅនៃតំបន់​កម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដូចជា៖ តំបន់មុខ​ព្រះបរម​រាជវាំង រមណីយដ្ឋានវត្តភ្នំ តំបន់កម្សាន្តកោះពេជ្រ សួនមុខវត្តបទុមវតី សួនមុខណាហ្កាវើល ផ្សារចាស់ និងផ្សារ​កណ្តាល ជាដើម ដើម្បីបង្ហាញពីការរីកចម្រើនរបស់រាជធានីភ្នំពេញដល់ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ៕