ក្រុមអាជីវករលក់នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះសប្បាយចិត្តព្រោះមានអតិថិជន ទិញនិងគាំទ្រផលិតផលច្រើន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក វ៉ែន សុវុទ្ធី

ភ្នំពេញ៖ ក្រុមអាជីវករលក់ដូរទំនិញផ្សេងៗនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បង្ហាញ​ការសប្បាយចិត្​តព្រោះមានអតិថិ​ជនជួយទិញ និងគាំទ្រច្រើនជាងបុណ្យអុំទូកឆ្នាំមុន​​​​​ៗ​។

កញ្ញា ឆែ ម៉ា ទីន អាជីករលក់ដូរភេសជ្ជៈគ្រប់មុខមកពីខេត្តស្វាយរៀងបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្នុងព្រះរាជ​​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ មានប្រជាពលរដ្ឋមកពីបណ្តាល​​ខេត្តចូលរួម​យ៉ាង​ច្រើនកោះករចូលរួមលេងកំសាន្ត ជាឱកាសល្អសម្រាប់កញ្ញាលក់ភេជ្ជះគ្រប់មុខ ដោយមួយថ្ងៃចាប់ពីម៉ោង៧ ដល់ម៉ោង​ជិត​៩យប់ នាងអាចលក់បានចាប់ពី១លានរៀល ទៅ១លាន៣០ម៉ឺនរៀល  ។

« ប្រជាជនមានកើនឡើងជាងមុនទឹកអីរបស់ញុំអីលក់ដាច់ច្រើនជាពិសេសនៅពេលយប់មនុស្សដើរមួយទៀតដោយសារជីវភាពពួកគាត់ធូធារច្រើនណាមួយប្រទេសយើងមានការអភិវឌ្ឍចឹងប្រជាជនមកចូលរួមបុណ្យអុំទូកនិងជួយទិញហើយខ្ញុំអ្នកលក់និងកមានជីភាពធូធារច្រើន»។

អ្នកស្រី ជឹម សុនឿន ជាអាជីវករម្នាក់ទៀតមកស្រុកពញាឭខេត្តកណ្ដាលបានឲ្យដឹងដែរថា  ក្រុមគ្រួសារអ្នកស្រីបានប្រក​បរបរលក់មួកស្លឹក​ត្នោតដែលជាផលិតផលរបស់ខ្មែរ ហើយប្រជាពលរដ្ឋបានជួយទិញច្រើនដោយរកចំណូល​បានជាង១លាន​រៀលក្នុងមួយថ្ងៃ ហើយបើបីថ្ងៃនេះ អាចរកបានប្រហែលច្រើនជាង៣លានរៀល។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ ក្រុមអាជីវករនៅរាជ​​ធានី​ភ្នំពេញ និងមកពីបណ្តាលខេត្តនានាជាច្រើនបាននាំគ្នាមកលក់ដូរនុំចំណី ម្ហូបអាហារ វត្ថុប្រើប្រាស់ សំលៀកបំពាក់ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងផលិតរបស់ខ្មែរជាច្រើនមុខទៀត នៅតាមតំបន់កោះពេជ្រ ដងទន្លេ មុខព្រះបរមរាជវាំង  រម្មណីយដ្ឋានវត្តភ្នំ និងតំបន់ត្រើយខាងកើតទន្លេយ៉ាងច្រើនកោះករ ដើម្បីទទួលបានចំណូលសម្រាប់ទ្រទ្រុងជីវភាពផង និងបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកចូលរួមលេងកំសាន្ត​​នៅក្នុងព្រះរាជពិធីបុណ្​​យជាតិខ្មែរដ៏ធំមួយនេះ៕