អាជ្ញាធររាជធានីភ្នំពេញធ្វើពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទាននៅរមណីយដ្ឋានវត្តភ្នំយប់​ថ្ងៃទី២២វិច្ឆិកានេះ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោកស្រីសន សាវិន

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទាននៅរមណីយដ្ឋានវត្តភ្នំនៅយប់ថ្ងៃទី២២ខែវិច្ឆិកានេះស្របពេលដំណាលគ្នានឹងការប្រារព្ធពិធីសាសនានេះនៅក្នុងព្រះបរមរាជវាំង។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងថានៅ ម៉ោង​ជិត១២យប់ នៃថ្ងៃ១៥កើត ខែកត្ដិក ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកានេះ នៅរមណីយដ្ឋានវត្តភ្នំ នឹងមានការប្រារព្ធពិធីសែនសំពះព្រះខែ អកអំបុក និងសម្រក់ទាន តាមគន្លងប្រពៃណីសាសនា ដើម្បីបួងសួងសុំសេចក្ដីសុខដល់ប្រជាពលរដ្ឋ ក៏ដូចជាញ៉ាំងឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀត។«ជាពិធីសាសនាប្រពៃណីរបស់យើង ចឹងយើងត្រូវធ្វើពិធីនេះដើម្បី អបអរសាទររួមគ្នា ជាមួយនិងការបណ្ដែតប្រទីបនិងពីធីអ៊ុទូកផងដែរ»

លោក អ៊ុន ធី វ័យប្រមាណជិត៧០ឆ្នាំដែលមកលេងពិធីបុណ្យអុំទូកបានគាំទ្រការរៀប​ចំពិធី​បែបសាសនានេះ ដោយចាត់ទុកថា ពិធីនេះប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើមិនដែលអាក់ខាននោះ​ឡើយទាំងអ្នករស់នៅទីក្រុងនិងជនបទស្រុកស្រែចំការ។លោកតាបានបញ្ជាក់ថែមទៀតថា ការសម្រក់ទៀន គឺជាការផ្សងប្រផ្នូលទឹកភ្លៀងតាមតំបន់ដែលជាជំនឿងតាំងពីបុរាណមក​​។

ឯកឧត្តម ញៀន ភឿន  ទីប្រឹក្សាគណៈកម្មាកាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា បុណ្យប្រពៃណីអកអំបុក សំពះព្រះខែ មានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិរបស់ព្រះពុទ្ធជាម្ចាស់នៃយើង និងបានជះឥទ្ធិពល និងចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹងរបស់ប្រជាជាតិទាំងមូល ដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ពិសេស គឺព្រះពោធិសត្វដែលយោន​យកកំណើត​​ជាសត្វទន្សាយបានផ្ដិតរូបព្រះឆាយយាលក្ខណ៍របស់ព្រះអង្គនិងលោកខែដើម្បីបានបំ​ភ្លឺ​សត្វលោកតរៀងមក៕