គ្រឿងដង្វាយសែនព្រេនសម្រាប់សែនព្រះខែនៅឆ្នាំនេះលក់ដាច់ប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗ

គ្រឿងដង្វាយសែនព្រេនសម្រាប់សែនព្រះខែនៅឆ្នាំនេះលក់ដាច់ប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទកញ្ញា ទុយ សូលីដា

ភ្នំពេញ៖ ក្រុមអាជីវករបានអះអាងថា គ្រឿងដង្វាយសែនព្រេនសម្រាប់ព្រះរាជពិធីសំពះព្រះខែនៅក្នុងឆ្នាំនេះ លក់ដាច់ប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗ ដែលបង្ហាញពីការបន្តរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានជំនឿគោរពលើព្រះខែ។

ក្រុមអាជីវករលក់គ្រឿងដង្វាយគ្រឿងបូជាជាច្រើនបានអោយដឹងថា នៅថ្ងៃទី២ នៃព្រះរាជពិធីអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកានេះ មានប្រជាពលរដ្ឋជាច្រើនបានទិញគ្រឿងដង្វាយសម្រាប់ពិធីសំពះព្រះខែនាពេលរាត្រីដែលជាទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្តីចំរើន។

លោកយាយ ស្រី ឧត្តម  ជាអាជីវករលក់គ្រឿងដង្វាយសែនព្រេននៅខាងត្បូងផ្សារកណ្តាលបានឲ្យដឹងថា គ្រឿងដង្វាយសម្រាប់សែនព្រេនក្នុងពិធីសំពះព្រះខែនៅថ្ងៃសំពះព្រះខែអកអំបុកនេះមានដូចជា ដើមចេកស្រស់ ចេកទុំ អំបុក ដូង ផ្កាឈូកឬផ្កាចំរុះព័ណ៌ ផ្លែឈើគ្រប់មុខជាដើម ។

«វាជាជំនឿពីដូនតាផង និងប្រពៃណីផង យើងត្រូវតែគោរពដល់ព្រះខែ ក្នុងពិធីអុំទូកអកអំបុកវាជាប្រពៃណីបុណ្យ អុំលក់ស្លាធម៌ដូង ប្រទីប និងបាយសី  ឆ្នាំហ្នឹងលក់ដាច់ ខ្ញុំមានលក់ផ្កាឈូក ផ្កាចន្ទូ និងចេក ពេលសែននឹងយើងត្រូវការចាំបាច់ដូចថាពីបុរាណមកពិសេសផ្កាខ្មែរគេចូលចិត្ត»។

លោកស្រី ដួង ចន្ធូ ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញបានអោយដឹងថា លោកស្រីតែងតែរៀបចំគ្រឿងដង្វាយគ្រប់មុខ ដើម្បីសំពះព្រះខែ ជារៀងរាល់ឆ្នាំមិនដែលអាកខានឡើយ។ ការប្រតិបត្តិគោរពបូជាចំពោះព្រះខែនៅក្នុងព្រះរាជពិធីសំពះព្រះខែនិងអកអំបុកនេះ បានបង្ហាញពីការគោរពជំនឿយ៉ាងមុតមាំទៅតាមគន្លងព្រះពុទ្ធសាសនាផង និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង។

សូមបញ្ជាក់ថា  ពិធីសំពះព្រះខែនិងអកអំបុកត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរម្លឹក​ដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។   ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យប្រជាជនខ្មែរតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមទីវត្តអារាម ភូមិស្រុក និងទីប្រជុំជននានារហូតមកដល់ពេលនេះ៕