ប្រជាពលរដ្ឋគាំទ្រការហាមព្រះសង្ឃមិនឲ្យនិមន្តតាមទីសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធ និង លោក ចន ណារិទ្ធ៖

ប្រជាពលរដ្ឋគាំទ្រការហាមព្រះសង្ឃមិនឲ្យនិមន្តតាមទីសាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រ​ទីប អកអំបុក និងសំពះព្រះខែ។
ឧបាសិកា មិច សាត ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលមកកម្សាន្ត ក្នុងក្នុងឱ​កាស​ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅមុខព្រះបរមរាជវាំង មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យព្រះសង្ឃនិមន្ដកម្សាន្ដ នៅក្នុងឱកាសព្រះរាជពិធីបុណ្យនេះ បានជួយលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ដែលជាបុព្វជិតសាសនារបស់ព្រះពុទ្ធ ពិសេសការប្រតិបត្តិវិន័យរបស់សង្ឃ។


ការបង្ហាញការគាំទ្រចំពោះបម្រាមនេះ គឺបន្ទាប់ពីសាលាគណរាជធានីភ្នំពេញ បានហាមព្រះសង្ឃនិមន្ត​ទស្ស​នា​នៅតាមតំបន់មួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែល​បាន​នឹងកំពុងប្រារព្ធឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ។
ក្នុងនាមជាអ្នកប្រតិបត្តិសាស​​​នាព្រះពុទ្ធមួយរូប ឧបាសិកា មិច សាត បានបញ្ជាក់ថា ការនិមន្ដ របស់ព្រះសង្ឃក្នុង​ឱកាសដែលមានមនុស្សប្រុសស្រីយ៉ាងច្រើនបែបនេះ គឺប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរ​ភេទជាអ្នកបួស និងធម៌វិន័យ ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀតផង។


ដូចគ្នានេះដែរលោកតាឧបាសក ជឹម ជៀម ដែលជាគណៈកម្មការទូកងឈ្មោះ ប្រជាការពារពោធិ៍សែន​ជ័យ​សុខា​មាន​រិទ្ធិ មកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើឡើងថា ការហាមមិនឲ្យ ព្រះសង្ឃនិមន្តទស្សនា​តាមទី​សាធារណៈ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យនេះ ត្រឹមត្រូវស្របតាមវិន័យសង្ឃ។
សាលាគណរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីណែនាំដោយ​ហាមប្រាមមិន​ឲ្យ​ព្រះ​​​សង្ឃនិមន្តទស្សនាតំបន់មួយចំនួនដូចជា៖ តំបន់មុខព្រះបរមរាជវាំង(A B C) រមណីយដ្ឋានវត្តភ្នំ តំបន់​​កម្សា​ន្ត​កោះពេជ្រ សួនមុខវត្តបទុមវតី សួនមុខណាហ្កាវើល ផ្សារចាស់ និងផ្សារកណ្តាល ជាដើម។
សាលាគណ​​រាជធានីភ្នំពេញ បានពន្យល់ថា ការហាមប្រាមនេះ គឺដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃ​ថ្នូរព្រះពុទ្ធ​សា​​​​​​សនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាព ទាំងឡាយរបស់ព្រះសង្ឃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​​​​​​ប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកានេះ បន្ទាប់ពីកន្លងមក តែងតែ​​​ឃើញមានព្រះសង្ឃអង្គខ្លះ បាននិមន្តចូលកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗ​ទៀត នៅក្នុងចំណោមមនុស្សច្រើនកកកុញ ដែលធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរ​ភេទ​ជាអ្នកបួស និងធម៌វិន័យ អភិសមាចារ និងជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយ​ចិត្តពី​ពុទ្ធបរិស័ទថែមទៀតផង៕