ក្រសួងសុខាភិបាលក្រើនរំលឹកដល់កីឡាករទូកឲ្យថែរក្សាសុខភាពនិងអនាម័យចំណីអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

អត្ថបទ អ៊ឹម ភិរក្សនារីរតនៈ៖

ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទំាងអស់ឲ្យ ថែរក្សាសុខភាព​និងអនាម័យ​ចំ​ណី​អាហារ ដើម្បីធានាបានសុខភាពល្អក្នុងការកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ​ពះព្រះ​​ខែអកអំបុកប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ។


រដ្ឋលេខាធិការក្រសួងសុខាភិបាលអំពាវនាវកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហាពុលចំណីអាហារ និងការបរិភោគចំណីអាហារផ្សេងៗដែលដាក់នៅក្នុងបរិវេណនៃព្រះរាជពិធីបុណ្យអុំទូក ខណៈចំណីអាហារខ្លះមិនមានអនាម័យ ធ្វើឲ្យប្រជាពលរដ្ឋអាចជួបបញ្ហាសុខភាពដូចជាឈឺពោះ ក្អួតចង្អោរ ឬជំងឺរាករូសជាដើម ។


ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា ឯកឧត្តម តែ គុយស៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យកីឡាករ កីឡាករិនីអុំទូក ប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងព្រះពិធីបុណ្យអុំទូក ត្រូវស្តាប់ការ​ណែ​នាំ​របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដូចជាត្រូវទឹកពិសាទឹកស្អាត ទឹកដាំពុះ និងបរិភោគចំណី​អាហារ​ដែល​មានអនាម័យ កុំឲ្យមានការពុលចំណីអាហារនិងជំងឺតម្កាត់ផ្សេងៗ ដែលបណ្ដាលមកពីការបរិភោគ​ចំណីអាហារ​ដែលគ្មានអនាម័យ។
ឯឧ.បានបញ្ជាក់ថា មុនពេលបរិភោគត្រូវលាងដៃនឹងសាប៊ូ អំឡុងពេលមុនពេលបរិភោគអាហារ និងក្រោយ​បន្ទោរបង់ត្រូវលាងដៃឲ្យស្អាត បន្លែផ្លែឈើដែលត្រូវចម្អិនត្រូវលាងអោយសម្អាត សម្ភារៈប្រើប្រាស់ ដែលសម្រាប់ចម្អិនអាហារឲ្យបានត្រឹមត្រូវ។


ឯកឧត្តម បន្តថា ក្រសួងសុខាភិបាលបានដាក់ក្រុមគ្រូពេទ្យប្រចាំការជួយសង្គ្រោះ និងពិនិត្យព្យា​បាល​សុខ​ភាពប្រ​ជា​ពលរដ្ឋដោយឥតគិតថ្លៃ ហើយបែងចែកចេញជា៣ ក្រុម គឺ ក្រុមទី១ ប្រតិបត្តិផ្ទាល់នៅ​តាមបណ្តោយ​មាត់​ទន្លេ ក្រុមទី២ ក្រុមត្រៀមចូលរួមនៅពេលដែលកីឡាករនិងប្រជាពលរដ្ឋជួបឧបទ្ទវហេតុផ្សេងៗ និងក្រុមទី៣ ប្រចាំ​ក្នុង​មន្ទីរពេទ្យធំទាំង៤ គឺ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត និងមន្ទីរ​ពេទ្យព្រះ​​អង្គឌួង ហើយមានរថយន្តសង្គ្រោះបន្ទាន់ទាំងអស់សរុបចំនួន៦៥ គ្រឿង ៕