ប្រជាពលរដ្ឋគាំទ្រការសំដែងល្ខោនបាសាក់ និងរបាំបុរាណខ្មែរក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ធីណាឌីណេ

ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរដែលមកចូលរួមកំសាន្តព្រះរាជពិធីបុណ្យអុំអូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែបានសម្តែងការគាំទ្រ ចំពោះការ សំដែងល្ខោបាសាក់ និងរបាំងបុរាណខ្មែរ។

ក្រសួងវប្បធម៏ និងវិចិត្រសិល្បះ បានរៀបចំការសំដែងល្ខោនបាសាក់ល្ខោនស្រមោលស្បែកធំ និងរបាំងបុរាណខ្មែរ ជូនប្រជាពលរដ្ឋ កំសាន្ត សប្បាយក្នុងឱកាស ពិធីបុណ្យអុំទូក អក​អំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកានៅតាមតំបន់កំសាន្តត្រើយខាងកើត ។

លោក  ច័ន្ទ សម្បត្តិ ដែលបានមកចូលរួមទស្សនា ការសម្ដែងល្ខោនបាសាក់ នៅត្រើយជ្រោយចង្វារខាងកើតទន្លេកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា បាន គាំទ្រយ៉ាងខ្លាំង ចំពោះសិល្បៈបុរាណខ្មែរជាពិសេសល្ខោនបាសាក់។ ការសំដែងល្ខោនបាសាក់នេះ បានផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបានបង្ហាញ ឲ្យអ្នកមកទស្សនាទាំងអស់ បានយល់ដឹងអំពីសិល្បៈបុរាណរបស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ «ចំណែកខ្ញុំគឺថាសិល្បៈ  ប្រពៃណីខ្មែរ  តាំងពីដូនតាមកហើយវាជាប្រពៃណីរបស់ជាតិ ហើយខ្ញុំមានការសប្បាយចិត្តជាខ្លាំង ចឹងសូមសំណូមព ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមានចិត្តស្រលាញ់នៅលើផ្នែកសិល្បៈខ្មែរយើង ដូចជាល្ខោន ឬជារបាំងអីទាំងអស់នឹង ត្រូវគាំទ្រអោយបានជារៀងរហូត»

លោក ខន ភារ៉ា  ជាប្រជាពលរដ្ឋ មកខេត្តកំពងចាមបានសំណូមពអោយប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធចូលរួមថែរក្សាលើកស្ទួយផ្នែកសិល្បៈបុរាណ ឲ្យកាន់តែមានភាពរស់រវើក។

«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខែ្មរមួយរូប សូមសំណូមពរអោយបងប្អូនទាំងអស់គ្នា យើងត្រូវជួយលើកស្ទួយវិស័យសិល្បៈ បុរាណរបស់ខ្មែរយើងដូចជា ល្ខោនខោល ល្ខោនបាសាក់ នឹងរបាំផ្សេងៗទៀត ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ អោយបានគង់រង្ស់ ដើម្បីបន្សល់ទុកដល់ក្មេងជំនាន់ក្រោយ អោយបានឃើញបានដឹង ពីតំលៃវប្បធម៌របស់ខ្មែរយើង»

សូមបញ្ជាក់ថា ក្រសួងវប្បធម៏ និងវិចិត្រសិល្បះ បានរៀបចំការសំដែងសិល្បៈបុរាណខ្មែរ មានដូចជា ល្ខោនបាសាក់ ល្ខោនស្រមោលស្បែកធំ និងរបាំបុរាណខ្មែរ នេះក្នុងគោលបំណងឲ្យ ប្រជាពលរដ្ឋដែលបានមក​​កំសាន្តសប្បាយក្នុង​ឱកាសព្រះរាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែត​ប្រទីប និងសំពះព្រះខែ ដែលមានរយះពេល៣ថ្ងៃ និងជាការផ្សព្វផ្សាយ​​​ថែរក្សាវប្បធម៌ខ្មែរ​ឲ្យ​បាន​គង់វង្ស៕