ក្រសួងព័ត៌មានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយបញ្ជ្រាបសារអប់រំពីបញ្ហាមេរោគអេដស៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី  ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងព័ត៌មានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយបញ្ជ្រាបសារអប់រំពីបញ្ហាមេរោគអេដស៍​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ ដើម្បីបំផុសស្មារតី ក៏ដូចជាការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋជ ពិសេសស្រទាប់យុវវ័យឲ្យចេះការពារខ្លួនឲ្យនៅឆ្ងាយពីការឆ្លងមេរោគអេដស៍ ។

លិខិតអំពាវនាវរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវជំរុញឲ្យពិធីករ ពិធីការិនី សិល្បៈករ សិល្បៈការិនី នៅតាមស្ថានីយ៍វិទ្យុទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បញ្ជ្រាបសារអប់រំពីបញ្ហាមេរោគអេដស៍ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលបាននឹងកំពុងប្រព្រឹត្ត ចាប់នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ទៅកាន់ទស្សនិកជនទាំងអស់។

ឯកឧត្តម មានប្រសាសន៍ថា ការបញ្ជ្រាបសារអប់រំពីបញ្ហាមេរោគអេដស៍នេះ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងឱកាសព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ គឺជាការចូលរួមបំផុសស្មារតី និងការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋជា ពិសេសស្រទាប់យុវវ័យ ឲ្យកាន់តែមានការយល់ដឹងច្បាស់និងចូលរួមកាន់តែសកម្មក្នុងការ បង្ការការពារខ្លួន និងក្រុមគ្រួសារឲ្យជៀសឆ្ងាយពីការឆ្លងមេរោគអេដស៍ ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងខាតបង់ទ្រព្យសម្បត្តិ ព្រមទាំងសុភមង្គលក្នុងគ្រួសារ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នឹងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឲ្យកាន់តែស៊ីជម្រៅ និងបានទូលំទូលាយថែមទៀត ដល់ស្រទាប់មហាជនអំពីមេរោគអេដស៍ ជំងឺអេដស៍ ពិសេសការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីសម្រេចគោលនយោបាយបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕