ក្រុមអ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរផ្សព្វផ្សាយ​ផលិតរបស់ខ្លួនក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ទៀក លឹមជូ៖​

ក្រុមសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ធ្វើអំពីដៃ បានដាក់តាំងផលិតផលរបស់ខ្លួនជាច្រើននៅខាងជើងរបងវាលព្រះមេរុ ដើម្បីឲ្យប្រជាពលរដ្ឋដែលមកលេងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៨នេះបានទស្សនា និងឲ្យជួយគាំទ្រនូវផលិតផលសិប្បកម្មខ្មែរកាន់តែច្រើនឡើង។

នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំនេះ គឺមិនខុសពីឆ្នាំមុនៗឡើយ ដោយក្រុមសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ខ្មែរបានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនធ្វើអំពីផ្តៅដូចជា កន្ត្រក់ដាក់ខោអាវកន្ត្រក់ដាក់ចានស្រាក់ កាបូបដាក់ប៊ិច ផ្លិត ខ្លុយ ក្រមា កងដៃ បន្តោងសោរជាដើម។

អ្នកស្រី សុខ រ៉ែន ជាអាជីវករលក់វត្ថុសិប្បកម្មខ្មែរមកពីភ្នំឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដាក់តាំងបង្ហាញផលិតផលធ្វើដោយដៃនេះគឺដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរឲ្យប្រជាលពលរដ្ឋនិងភ្ញៀវទេសចរបានស្គាល់ពីស្នាដៃរបស់កូនខ្មែរ ។ អ្នកស្រីបន្តថា ការគាំទ្រវត្ថុអនុស្សាវរីយ៍ខ្មែរដែលយកមកដាក់លក់នៅពេលនេះ គឺជាការលើកទឹកចិត្ត និងជំរុញឲ្យស្រ្តី មនុស្សចាស់ៗឲ្យមានការធ្វើ និងចូលរួមថែរក្សាតម្លៃស្ថាដៃររបស់កូនខ្មែរឲ្យបានគង់វង្ស។

សំឡេង ការជួយទិញរបស់ប្រជាពលរដ្ឋខ្មែរយើងគាត់ដែលក្រីក្រនិង យើងទិញផលិផលខ្មែរ ព្រោះផលិតផលនេះជួយគាំទ្រដែលគាត់ដែលគាត់អត់ការងារធ្វើ គាត់ចេះតែធ្វើអានិង អាចជួយទិញគាត់ ។

ចំណែកលោកអួត ឡាទីន ដែលជាក្រុមលក់មួកស្លឹកត្នោតនៅក្នុងព្រះរាជពិធីបុណ្យនេះ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យនេះគឺជាពេលវេលាដ៏ពិសេសក្នុងការបង្ហាញផលិតផលខ្មែរអោយប្រជាពលរដ្ឋនិងជនបរទេសបានស្គាល់។ លោកបានបញ្ជាក់ថា មួកស្លឹកត្នោតបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ហើយក៏បានជួយការពារកម្តៅថ្ងៃសម្រាប់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនិងទស្សនាការប្រណាំងទូកងនៅពេលរសៀល។

លោកសំ សីហា ជាប្រជាពលរដ្ឋមកពីខេត្តបាត់ដំបងដែល បានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ហើយបានទិញផលិតផលមួកធ្វើអំពីស្លឹកត្នោតបាននិយាយថា ការពាក់មួកស្លឹកត្នោតខ្មែរ ក្នុងឱកាសបុណ្យអុំទូក គឺជួយគាំទ្រខ្មែរ ធ្វើឲ្យភ្ញៀវជាតិ ទេសចរជាតិ អន្តជាតិ កាន់តែស្គាល់វប្បវធម៌ អរិយធម៌ខ្មែរកាន់តែច្រើនឡើង ។ ជាពិសេសពួកគេបានដឹងថា ប្រជាពលរដ្ឋខ្មែរ ជាប្រទេសស្រលាញ់ជាតិសាសន៍ខ្លួន។

សំឡេង ខ្ញុំគិតថា យើងស្រលាញ់ខ្មែរខ្លាំងណាស់ ពេលមានបុណ្យទានចឹង យើងពាក់មួកខ្មែរទាំងអស់គ្នា។ បើយើងគាំទ្រផលិតផលខ្មែរអាចឲ្យគាត់មានការងារ មានជីរភាពគ្រួសារសមរម្យ។

សូមបញ្ជាក់ថា ក្រុមសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ខ្មែរបានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំពុំដែលអាកខានឡើយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក ដើម្បីបង្ហាញការលើកស្ទួយតម្លៃសិប្បកម្មខ្មែរដែលផលិតដោយដៃ៕