ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្តដើរលេងកំសាន្តសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អះអាងថាភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋ​​​ខ្មែរបន្តដើរលេង​កំសាន្ត​សប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែឆ្នាំ២០១៨នេះ ដោយគ្រាន់​តែមួយថ្ងៃ​ដំបូងមានភ្ញៀវទេសចរអន្តរជាតិចូល​អង្គុយទស្សនា​ផ្ទាល់ប្រមាណ៣ពាន់នាក់ ខណៈភ្ញៀវជាតិវិញមាន​ចន្លោះពី​៥០ទៅ៦០ម៉ឺននាក់​។

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កាលពីថ្ងៃដំបូងពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនជាភ្ញៀវជនជាតិបារាំង អង់គ្លេស       ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយក៏មានភ្ញៀវមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ សរ៉ុបប្រមានប្រមាណជាង៣ពាន់នាក់។ នេះមិនទាន់រៀបបញ្ចូលភ្ញៀវទេសចរអន្តរជាតិដែលមិនបានចូលអង្គុយលើវេទិការដោយមួយចំនួនទៀតពួកគេបានដើរទស្សនានៅតំបន់កោះពេជ្យ មុខព្រះបរមរាជវាំង រម្មណ៍ដ្ឋានវត្តភ្នំ និងតំបន់ត្រើយខាងកើតទន្លេ ដោយភ្ញៀវទេសចរបាន​ឃើញ​នូវទិដ្ឋ​​ភាព​​ផ្ទាល់ពីបញ្ហាសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា។   ក្រៅពីចូលរួមទស្សនាដោយផ្ទាល់នៅរាជធានីភ្នំពេញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានទៅទស្សនានៅតាម​តំបន់​ទេសចរណ៍​​ផ្សេងៗទូទាំងប្រទេសផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារបានឲ្យដឹងថា ថ្ងៃទី១ នៃព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែបានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូល​រួម​ទស្សនា​ចន្លោះពី ៥០ទៅ៦០ម៉ឺននាក់៕

សូមបញ្ជាក់ថានៅក្នុងពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំក្រសួងទេសចរណ៍បានរៀបចំវេទិ​កា​ធំមួយនៅខាងមុខព្រះ​បរមរាជវាំង​ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាទស្សនាការប្រណាំងទូក និងពិធីបណ្ដែតប្រទីបជាដើម។ នៅលើវេទិកានេះ មានបម្រើសេវាកម្មទឹកបរិសុទ្ធ និងភេសជ្ជៈនានាដោយឥតគិតថ្លៃ ហើយ​មានការបកប្រែជាបីភាសា ទាំងផ្ទាល់មាត់ផង និងឧបករណ៍ស្ដាប់នឹងត្រចៀកជូនភ្ញៀវបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន។ ភ្ញៀវទេសចរក៏ទទួលបាននូវឯកសារផ្សព្វផ្សាយស្ដីពីទេសចរណ៍ និងសម្ភារផ្សព្វផ្សាយ​មួយចំនួន​ទៀតផងដែរ៕