ក្រសួងទេសចរណ៍លើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកាប្រណាំងទូកដោយផ្ទាល់នៅលើវេទិការកិត្តិសយមុខព្រះបរមរាជវាំង

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក ចេម ហួត
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើក ទឹកចិត្តភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាការប្រណាំងទូកដោយផ្ទាល់នៅ លើវេទិកាកិត្តិសយមុខព្រះបរមរាជវាំង ខណៈមន្ត្រីជំនាញក្រសួងទេសចរណ៍នឹងទទួលស្វាគមន៍ដោយភាពរីករាយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់វិទ្យុជាតិកម្ពុជាថា ឆ្នាំនេះ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានរៀបចំវេទិកាដើម្បីឲ្យភ្ញៀវអង្គុទស្សនានៅមុខព្រះបរមរាជវាំងមានលក្ខណៈធំ ហើយវៀងជាងឆ្នាំមុន ហើយមានសេវាកម្ម បដិសណ្ឋារកិច្ចពីសំណាក់មន្ត្រីជំរុញទេសចរក្នុងស្រុកដោយមានផ្តល់សេវាបំរើភេសជ្ជៈ ការបកប្រែដេញតាមភាសារបរទេស ដោយមាន Headset ចែកជួនភ្ញៀវស្តាប់ មានបំពាក់ទូរទស្សន៍សម្រាប់ជួនភ្ញៀវទស្សនាការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាព នៃការប្រណាំងទូក និងផ្សាយ Spot ទេសចរណ៍ផ្សេងៗ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា បើចំនួនភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងខ្លាំងនៅឆ្នាំក្រោយ ក្រសួងទេសចរណ៍នឹងពិនិត្យលទ្ធភាពពង្រីកកន្លែងវេទិកានេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ រយៈពេលបីថ្ងៃនេះ នឹងមានភ្ញៀវទេសចរមកទស្សនាក្នុងមួយថ្ងៃៗចន្លោះពី៥ពាន់ទៅ៧ពាន់នាក់ ខណៈភ្ញៀវជាតិវិញមិនតិចជាង២លាននាក់នោះទេ៕

ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍