ប្រតិភូក្រសួងកសិកម្ម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពសពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចស​ហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរ និងធ្វើការទាក់ទាញ វិនិយោគិនឲ្យមកវិនិយោគលើវិស័យកសិកម្ម ជាពិសេសផលិត​កម្មដំ​ណាំស្រូវនិងការកែច្នៃកសិផល។


នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមវេង សាខុននឹងអញ្ជើញ ជាអធិបតីក្នុងពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​​យល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd ដើម្បីរួម​គ្នា​​អភិវឌ្ឍវិស័យផលិតកម្មស្រូវពូជហាយប្រីឌ ដែលពូជនេះមានសក្តានុពលខ្ពស់ក្នុងការផ្តល់ទិន្នផល គុណភាពល្អ ធុន​​និងជំងឺ ការប្រែប្រួលអាកាសធាតុ សមស្របតាមតម្រូវការទីផ្សារនាំចេញ។ ក្រៅពីផលិតកម្មស្រូវ ក្រុមហ៊ុនក៏​មាន​​គម្រោងវិនិយោគដាំកប្បាស ដើម្បីយកវត្ថុធាតុដើមនេះទៅកែច្នៃជាក្រណាត់ កាត់បន្ថយការនាំចូល ដែល​បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងដំណើរការកាត់ដេរសំលៀកបំពាក់នៅខេត្តពោធិ៍សាត់រួចជាស្រេច។


តាមផេកផ្លូវការរបស់ក្រសយងកសិកម្មបានអោយដឹងថានៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ ឯក​​ឧត្តម​​​វេង សាខុន នឹងអញ្ជើញទៅពិនិត្យការអនុវត្តកសិកម្មទំនើប ជាប្រព័ន្ធមានលក្ខណៈ​ឧស្សាហកម្ម​ដែល​ក្នុង​​នោះរួមមានការពិសោធន៍ ការផលិតពូជ រោងម៉ាស៊ីនកិននិងកែច្នៃ ឃ្លាំងស្តុកនិងការធ្វើអាជីវកម្មស្រូវ រួមជាមួយ​ការ​ធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វដើម្បីបំពេញនូវខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលរំពឹងថានឹងផ្ដល់​អត្ថប្រ​យោជន៍​ជាច្រើនដល់គណៈប្រតិភូជាពិសេសក្នុងការជំរុញ និងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-​២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក៕