ជនជាតិគួយនៅខេត្តស្ទឹងត្រែងសំដែងរបាំបែបបុរាណក្នុងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង៖

ជនជាតិគួយ បានសំដែងរបាំបែបបុរាណក្នុងពិធីបុណ្យអុំទូកនៅខេត្តស្ទឹងត្រែងខណៈរបាំបែប​បុ​រាណនេះ ត្រូវ​បានប្រជាពលរដ្ឋខ្មែរនៅភូមិភាគឥសាន្តចាត់ទុកថាជាផ្នែកមួយក្នុងវិស័យសិល្បៈនៃអត្តសញ្ញាណខ្មែដើម។


ក្នុងពិធីសំដែងរបាំរបស់ជនជាតិគួយក្នុងពិធីបុណ្យអុំទូកនៅខេត្តស្ទឹងត្រែងពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨ ​លោកសំអ៊ួន ជនជាតិគួយ ជាចាសទុំដឹកនាំសម្តែងសិល្បៈ មកពីភូមិទន្សោងឃុំសៀមបូកស្រុកសៀមបូកខេត្ត ស្ទឹងត្រែងបានបញ្ជាក់ថា៖របាំថ្វាយគ្រូ -របាំគុណដំបង- របាំកន្ត្រឹមតាទើត -នឹងរបាំបួងសួង​សុំសេចក្តី​សុខទាំង​៤​នេះ ពួកគាត់ចេះលេងតពីគ្រូដូនតាសម័យដើមមក ។


លោកថា៖របាំទាំងនេះ បានបាត់បង់ទៅ នៅក្នុងសម័យរបបខ្មែរក្រហម ហើយក្រោយថ្ងៃរំដោះ៧មករា បងប្អូនជន​ជាតិ​​គួយ បានស្រាវជ្រាវឡើងវិញ ហើយបាននាំគ្នាហាត់លេងតរៀងមក។
លោកស្រីខាស្រស់អ្នកសម្តែងរបាំនេះដែរបានលើកឡើងថា៖លិល្បៈពួកគាត់បច្ចុប្បន្នពុំសូវមានអាជ្ញាធរនិយមយកមកលេងទេ ។លោកស្រីបន្តថា៖ ការមិនបាននាំយកសិល្បៈ​មកលេងវាអាចឈានទៅ​រកការបាត់បង់ព្រោះ​ស្ថាបន័​ពាក់ពន្ធ័ពុំទាន់បានជួយដល់ពួកគាត់នៅឡើយ ។


លោកកែវប៊ុនរឿន ប្រធានក្រុមប្រឹក្សាស្រុកសៀមបូក បានគាំទ្រចំពោះគំនិតចង់អភិរក្សនេះ ព្រោះថា​របាំជន​ជាតិ​មាន​​​តែជនជាតិគួយប៉ុណ្ណោះដែលចេះនិងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមាននៅពីជំនាន់ដើម។លោក​ថា៖បើមានកម្មវិធីផ្សេងៗលើកក្រោយៗទៀតលោក នឹងជួយទាក់ទងទៅស្ថាប័នពាក់ព័ន្ធឱ្យជួយនាំមកលេង ។


លោកស្រីញើតសារឿនប្រធានមន្ទីរវប្បធ៌មនឹងសិល្បៈខេត្តស្ទឹងត្រែងបានអះអាងថា៖កិច្ចការងារអភិរក្សនេះអាជ្ញាធរនឹងប្រឹក្សាជាមួយមន្ទីរអប់រំយុវជននឹងកីឡា នឹងស្ថាបន័ពាក់ពន្ធ័ផ្សេង​ទៀតដើម្បីឱ្យមានការ​រៀបចំហាត់​រៀន​ពី​ចាស់ៗបន្ថែមសំរាប់ទុកឱ្យកូនចៅជំនាន់ក្រោយចេះលេងព្រោះចាស់ៗពួកគាត់មកសម្តែងនេះខ្លះមានអាយុកាលច្រើនហើយ។
សូមបញ្ជាក់ថា៖នេះជាលើកទីមួយហើយដែលអាជ្ញាធរខេត្តបាននាំសិល្បៈបងប្អូនជនជាតិគួយមកសម្ដែងក្នុងកម្មវិធីបុណ្យអុំទូកនៅឆ្នាំ២០១៨នេះជាការបង្ហាញឱ្យប្រជាពលរដ្ឋយើងបានឃើញពីទេពកោសល្យដែលខ្មែរដើមយើងនៅមានសេសសល់។