កម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖​

ដោយទទួលស្គាល់សារៈសំខាន់នៃការតភ្ជាប់តំបន់ ដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាស៊ាន ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ជូនក្រសួង/ស្ថាប័នសំខាន់ៗនៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។

សិក្ខាសាលានេះ មានអ្នកចូលរួមជាង១៣០នាក់ មកពីភាគីពាក់ព័ន្ធសំខាន់ៗនានា រួមមាន មន្ត្រីរាជការ គ្រឹះស្ថានសិក្សា និស្សិត និងវិស័យឯកជន មកពីប្រទេស CLMV ព្រះរាជាណាចក្រថៃ សាធារណរដ្ឋប្រជាមានិតចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានមជ្ឈមណ្ឌលអាស៊ាន-ចិន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិបានអោយដឹងថាសិក្ខាសាលាមានគោលបំណងជួយគាំទ្រនូវការអនុវត្តអាទិភាពរួមនានា នៅក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងរួមចំណែកដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួល និងកិច្ចសហប្រតិបតិ្តការ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ឲ្យកាន់តែជិតស្និទ្ធ រួមមាន អង្គភាពនាំមុខការអនុវត្តវិស័យយុទ្ធសាស្ត្រនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ មន្ត្រីបង្គោលថ្នាក់ជាតិនៃវិស័យយុទ្ធសាស្ត្រនីមួយៗ ក្រសួង/ស្ថាប័ននានានៃប្រទេសCLMV។ សិក្ខាសាលានេះ ក៏ជាវេទិកាមួយ ផ្តល់ឱកាសទៅដល់ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ចែករំលែកផ្តល់ពត៌មានមេរៀន និងឧត្តមានុវត្ត នៅក្នុងការអនុវត្តវិស័យយុទ្ធសាស្ត្រទាំងប្រាំ នៃផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) មានជាអាទិ៍៖ និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ នវានុវត្តផ្នែកឌីជីថល លំហូរភស្តុភាកម្ម ឧត្តមភាពនិយ័តកម្ម និងលំហូរប្រជាជន។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលបានធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន២០២៥ ក្នុងការកសាងសហគមន៍អាស៊ាន និងរបៀបនៃការតភ្ជាប់ ដែលជួយផ្តល់អត្ថប្រយោជន៍ដល់ប្រទេសសមាជិកអាស៊ានទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ទស្សន-វិស័យសម្រាប់ការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវការតភ្ជាប់ដោយរលូន និងមានប្រសិទ្ធភាព និងសមាហរណកម្មអាស៊ាន ដែលនឹងលើកកម្ពស់ការប្រកួតប្រជែង បរិយាប័ន្ន និងការយល់ដឹងកាន់តែច្បាស់នូវអត្ថន័យនៃសហគមន៍មួយ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់ ជាពិសេសប្រទេស CLMV ក្នុងការចែករំលែកឧត្តមានុវត្ត និងមេរៀនល្អៗក្នុងការអនុវត្តវិស័យយុទ្ធសាស្ត្រទាំងប្រាំ ក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ នៅក្នុងបរិបទជាតិរបស់ពួកគេរៀងខ្លួន។

សិក្ខាសាលាបានអនុម័តអនុសាសន៍គន្លឹះនានា សម្រាប់បង្កើនកិច្ចសហប្រតិបតិ្តការ និងការសម្រប-សម្រួល ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ រួមមាន មហាជនថ្នាក់មូលដ្ឋាន នៃប្រទេសរបស់ពួកគេ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទម្រង់និងការយល់ដឹងអំពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។ សិក្ខាកាមទាំងអស់ បានឯកភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងបណ្តាញទាក់ទងរបស់ពួកគេក្នុងពេលអនាគត និងស្រាវជ្រាវកាលានុវត្តភាពបន្ថែមទៀត ដើម្បីឆ្លើយតបនឹងគោលការណ៍ជាក់លាក់មួយ ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងព័ត៌មានដែលពាក់ព័ន្ធនឹងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ បន្ថែមទៀត។