ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់មន្ដ្រីពាក់ព័ន្ធត្រៀមលក្ខណៈពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨

ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ឱ្យត្រៀមលក្ខណៈពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចូលមកដល់នៅថ្ងៃទី២១ ខែវិច្ឆិកានេះ។ ការអំពាវនាវនេះបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម លើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់រួមទាំងការបញ្ជៀសចរាចរ ការលក់ដូរ គ្មានសណ្តាប់ធ្នាប់។ ឯកឧត្ដមអភិបាលរាជធានីបញ្ជាក់ថា បន្ទាប់ពីបញ្ហាសន្តិសុខ គឺបញ្ហាចរាចរដែលជាបញ្ហាធំសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ដូចនេះទាំង សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវ និងធានាឱ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន៕

ដោយ សួស សំរិត