គ.ជ.ប នឹងប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានលើក​ឡើងថា គ.ជ.ប នឹងប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមកពិនិត្យឈ្មោះ និងកែ តម្រូវទិន្នន័យឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ឱ្យដឹងកាលពី​ព្រឹកថ្ងៃ​​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ​គឺក្នុងន័យចង់​ផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះថា ខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងការ​ដាក់ទិន្នន័យដូចជាឈ្មោះ អាយុ ភេទ ឬទីលំនៅគឺគ.ជ.ប បានកត់ត្រាត្រឹមត្រូវហើយ ឬនៅ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត។ ឯកឧត្តមបានពន្យល់ថា បញ្ជី បោះឆ្នោតដំបូង គឺជាបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបានពិនិត្យ ផ្ទៀងផ្ទាត់រួចរាល់ក្នុងប្រព័ន្ធ ផ្ទុកទិន្នន័យអ្នកបោះឆ្នោតរប់សគ.ជ.ប បន្ទាប់ពីបានបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងក្រោយពីបានដោះស្រាយពាក្យ បណ្ដឹងតវ៉ា ទាក់ទង នឹងការចុះឈ្មោះបោះឆ្នោតចប់ជាស្ថាពរ។ ជាមួយគ្នានេះ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ នឹងធានាមិនឱ្យ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះរួចបាត់បង់សិទ្ធិបោះឆ្នោតនោះទេ ដោយសារបញ្ជីនេះ បើកឱ្យមានសិទ្ធិតវ៉ា ឬប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងរយៈ ពេលយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

ឯកឧត្តមបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះក្នុងបញ្ជីបោះ ឆ្នោតថ្មី នៅ​ឆ្នាំ២០១៨នេះ គឺមានចំនួនតិចជាងការគ្រោងទុក ប៉ុន្ដែគ្មានអ្វីប្លែកនោះទេ ដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនទាក់ទងនឹងការបោះឆ្នោត  ហើយការគ្រោងទុក និងសេចក្ដីព្រាងរបស់គ.ជ.ប មិនមែនមានន័យថា ត្រូវតែធ្វើឱ្យបានគ្រប់ចំនួន ទាំងអស់នោះ ទេ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមឃុំ សង្កាត់ដែលបងប្អូនរស់នៅ ហើយបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង អាចទាក់ទង ផ្ទាល់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីដោះ ស្រាយបញ្ហាផ្សេងៗដែលកើតមានឡើង។

យោងតាមលទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ កាលពីថ្ងៃទី១៨ ខែតុលាកន្លងមក  គឺមានអ្នកមកចុះឈ្មោះថ្មីចំនួន១៩៥.៣៨៥នាក់ អ្នកដែលបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះ ឆ្នោតមានចំនួន៥៦.៩៤១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន​១.៥៥៣នាក់៕

ដោយ អ៊ុន រិទ្ធី