អគ្គលេខាធិការសហព័ន្ធវូស៊ូកម្ពុជា៖វគ្គចៅក្រម-អាជ្ញាកណ្តាល នឹងជួយបន្ថែមដល់ការអភិវឌ្ឍកាន់តែរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨–លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធីការ សហព័ន្ធកីឡាវូស៊ូ កម្ពុជាបានចាត់ទុកថា វគ្គបណ្តុះបណ្តាល បំប៉នសមត្ថភាពចៅក្រម-អាជ្ញាកណ្តាលកីឡាវូស៊ូ ដែលបានបញ្ចប់ការ ពីល្ងាចថ្ងៃចន្ទទី១៩ វិច្ឆិកា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋាន ជាតិនឹងជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យកីឡា វូស៊ូនេះឲ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅដ៏ធំចម្បងក្នុងការឈានទៅរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។


អគ្គលេខាធិការរូបនេះបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានគាំទ្រកញ្ចប់ថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឍកីឡាជំនាញមួយនេះឲ្យកាន់តែល្អប្រសើរ។ វគ្គនេះសំខាន់ ណាស់ ដើម្បីបង្កើនគុណភាពចំណេះដឹងរបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមកម្ពុជាឲ្យតែប្រសើរ។


លោកអះអាថា ការងារបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់បំផុត សម្រាប់ដំណើរការសហ ព័ន្ធកីឡាជាតិមួយនេះក្នុងការចូលរួមការប្រកួតនានា កាបង្វឹកដល់កីឡាករកីឡាការិនីកម្រិតខ្ពស់និងក្រុមថ្នាល។ គោលដៅទាំងនេះគឺទទួលបានការឯកភាពពីគណៈកម្មាធិការប្រតិបត្តិ គណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ ឆ្លើយតបតាមផែនការមេរបស់រាជរដ្ឋាភិបាល សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។


លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ក្រោយពីមានការឯកភាពគ្នារបស់ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ គឺលោកជឿជាក់ថា ដំណើរការអភិវឌ្ឍនឹងដើរទៅមុខ ជាក់ជាមិនខាន ហើយស៊ីហ្គេម ឆ្នាំ២០២៣ ក៏សល់ពេលមិនយូរប៉ុន្មានដែរ ដូច្នេះលោករំពឹងថា គ្រប់សមាសភាព សហព័ន្ធវូស៊ូនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជែងយកនូវជោគជ័យជូនជាតិ នៅលើឆាកអន្តរជាតិ ក៏ដូចជា ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា សិក្ខាកាមជាចៅក្រម និងអាជ្ញាកណ្តាលនៃវគ្គជំនាន់ទី៣នេះមានចំនួន៥៥នាក់ ក្នុងនោះ បុរស៣០ នាក់ និងនារី២៥នាក់៕