សមត្ថកិច្ចបង្ក្រាបឱសថក្លែងក្លាយ ខុសច្បាប់ និងអន់គុណភាពបានរហូតដល់ជាង៤០តោន ដែលគ្រោងដុតបំផ្លាញចោលនៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ហុក​ សុខ​រិន៖

សមត្ថកិច្ចនៃគណៈកម្មការធិការប្រយុទ្ធប្រឆំាងឱសថក្លែងក្លាយបានបង្ហាញពីភាពជោគជ័យក្នុងការបង្ក្រាបឱសថក្លែងក្លាយ ខុសច្បាប់ និងអន់គុណភាពរហូតដល់ជាង៤០តោន ដែលគ្រោងដុតបំផ្លាញចោលនៅពេលឆាប់ៗនេះ។

ក្នុងសន្និសីទការសារព័ត៌មាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ ឯឧ.មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចចម្រុះបានបង្ក្រាបឱសថក្លែងក្លាយ និងអន់គុណភាពទំាងជាង៤០តោននេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ស្ថិតនៅទីតំាង ក្រុមហ៊ុនខេមបូឌា ខបភើរេស៊ិន ហ្វាម៉ា ដោយមានឱសថសរុបទំាងអស់១៣៨មុខ ស្មើនឹង១០៤៦៥ប្រអប់។ រួមទំាងឃាតជនសង្ស័យបានចំនួនម្នាក់ផងដែរ។

ឯឧ.រដ្ឋលេខាធិកាបានបញ្ជាក់ថា សមត្ថកិច្ចជំនាញនឹងបន្តស្រាវជ្រាវរកមុខសញ្ញាមេខ្លោងនៅក្រោយរឿងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ពិសេស ទប់ស្កាត់កុំអោយជនល្មើសបន្តនាំចូលឱសថគ្មានគុណភាពក្លែងក្លាយទំាងនេះចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលនាំអោយប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋ។

យោងតាមលទ្ធផលត្រួតពិនិត្យ ឱសថគ្មានច្បាប់និងអន់គុណភាពទំាងនេះបាននាំចូលពីប្រទេសជាច្រើនតាមច្រក់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ហើយស្តុកទុកនៅក្នុង ក្រុមហ៊ុនខេមបូឌា ខបភើរេស៊ិន ហ្វាម៉ា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីធ្វើការចែកចាយបន្ត៕