ឯកឧត្តម គោស៊ុំ សារឿត រម្លឹកកីឡាអុំទូកឱ្យថែរក្សាសុខភាពចៀសឱ្យឆ្ងាយ ពីគ្រឿង​ញៀននិង​ឆ្លងមេរោគអេដស៍

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភាជាតិតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី​កែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យបានធ្វើការក្រើនរម្លឹកកីឡាអុំទូកទាំងអស់ត្រូវមានការថែរក្សាសុខភាពឱ្យបានល្អចៀសឱ្យឆ្ងាយពីគ្រឿងញៀននិងឆ្លងមេរោគអេដស៍ជាដើមដើម្បីចូលរួម​ប្រកួតរយៈពេលប៉ុន្មានថ្ងៃខាងមុខឱ្យទទួលបានជោគជ័យ​។

ការថ្លែងបែបនេះរបស់ឯកឧត្តម គោស៊ុំ សារឿត ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាល​ជាមួយ​​កីឡាករចំណុះទូកង​ ’’សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ​’’ របស់ខេត្តបន្ទាយ មានជ័យកាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅរាជធានីភ្នំពេញក្នុងឱកាសដែល ទូកងនេះត្រូវបាន ចូលរួមប្រកួតប្រជែង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នារាជធានីភ្នំពេញ​នោះ។

ឯកឧត្តម គោស៊ុំ សារឿត បានលើកឡើងថា ដោយសារតែ​ប្រទេសជាតិមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍបានផ្តល់ឱកាសឱ្យយើងទាំង​អស់គ្នាបានប្រារព្ធពិធីបុណ្យជាតិនិងអន្តរជាតិរួមទាំងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានាទៀតយ៉ាងសប្បាយរីករាយក្រៃលែង។

ជាមួយគ្នានេះឯកឧត្តម គោស៊ុំ សារឿត បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាពជា​បងប្អូន​ ឈរលើទិសដៅតែមួយនាំជ័យជម្នះ និងមុខមាត់ជូនខេត្តរបស់យើង​ ហើយស្មារតី សាមគ្គីភាពនេះហើយ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់ មូលដ្ឋានយើង​ និងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវមានការថែរក្សាសុខភាពឱ្យបានល្អ និងមានសុខភាពល្អត្រឡប់ទៅផ្ទះវិញផងដែរ ជ័យជម្នះនេះជាមោទនភាពនៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ លោក អោម​ ចន្ថា​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យនិងជាប្រធាន គណៈកម្មការដឹកនាំទូកបានស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ទំនុកបម្រុងដល់ការស្នាក់នៅហូបចុករបស់​កីឡាករ។

គួរបញ្ជាក់ថា ទូកសុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរមានចំណុះ៧៥នាក់ ជាទូកតែ១គត់តំណាងឱ្យខេត្តបន្ទាយមានជ័យ ដែលទទួលបានការឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិងរដ្ឋបាលខេត្តរួមសប្បុរជននានាហើយទូកនេះតែងតែទទួលបានជ័យជម្នះក្នុងការប្រកួតជារៀងរាល់ឆ្នាំក្នុងរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ៕

ដោយ ឈុន សារ៉ាត