សម្ដេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ទូកអុំ ទូកចែវបុរស នារីចំនួន២៩ទូក មកពីខេត្ដកំពង់ឆ្នាំង

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្ដេចចៅហា្វវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង និងជា តំណាងរាស្រ្ដ ខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដី ទទួល បន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំងសមាជិករដ្ឋសភាប្រចាំមណ្ឌលខេត្ដកំពង់ឆ្នាំង បានជួបសំណេះ​សំណាល និងនាំយកអំណោយជូនដល់ទូកអុំ ទូកចែវបុរស នារីចំនួន ២៩ទូក មកពីខេត្ដកំពង់ ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងកីឡាករទូកស្នាក់ក្នុង តំបន់​ស្ថានីយឃ្លាំងសាំងសូគីម៉ិច ទល់មុខ​ទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។   ថ្លែងក្នុងពិធីសំណេះសំណាលនេះសម្ដេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ ផ្តាំផ្ញើដល់កីឡាករទំាងអស់ ត្រូវរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បី ឈានទៅដណ្ដើមជ័យជម្នះក្នុងការប្រណាំងទូកនាពេលថ្ងៃខាងមុខ និងលើកមុខមាត់ កិត្ដិ​យសដល់ខេត្ដ។ សម្ដេចចៅហ្វាវាំងបានណែនាំឱ្យកីឡាករអុំទូក ត្រូវចេះការពារសុខភាព ការ​ហូបចុកប្រកបដោយអនាម័យ និងចូលរួមចំណែកថែរក្សាបរិស្ថានឱ្យបានល្អ មិនត្រូវបោះ ចោល​ថង់ប្លាស្ទិក ឬដបទឹកសុទ្ធនៅក្រៅធុងសំរាម ការបន្ទោរបង់នៅក្នុងបង្គន់អនាម័យ ជាពិសេស យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។ 

សូមបញ្ជាក់ថា សម្ដេចចៅហា្វវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះ បរមរាជវាំង និងជាតំណាងរាស្រ្ដមណ្ឌល កំពង់ឆ្នាំងបាននាំយកអំណោយសម្រាប់​ជូនដល់ ទូកអុំ ទូកចែវ បុរស នារីចំនួន២៩ទូក ដែលមកពីខេត្ដកំពង់ឆ្នាំង ដោយក្នុងមួយទូកៗ ទទួល បាននូវអង្ករ៣បាវសរុប១៥០គីឡូក្រាម មី៦កេស ទឹកសុទ្ធ៥កេស  និងថវិកាចំនួន៥០ម៉ឺន រៀល។ ដោយឡែកអំណោយផ្ដល់ជូនកីឡាករ កីឡាការិនីចំនួន១.៥៦៨នាក់ ក្នុងម្នាក់ៗ ទទួលបានខោខ្លី១ អាវយឺត១ មួក១ និងក្រមា១។ ជាមួយគ្នានេះដែរ ព្រះករុណា ព្រះ មហាក្សត្រ និងសម្ដេចម៉ែ ក៏​បានព្រះរាជទាននូវអំណោយជូនដល់ទូកអុំ ទូកចែវ បុរស នារីចំនួន២៩ទូក ដែលមកពីខេត្ដកំពង់ឆ្នាំងតាមរយៈសម្ដេចចៅហា្វវាំង គង់ សំអុល ដោយក្នុង មួយទូកៗ ទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល និងកីឡាករ កីឡាការិនីចំនួន១.៥៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវក្រមា១ ផងដែរ៕ ដោយ សោម ឬទ្ធី