សម្ដេចតេជោនាយករដ្ឋមន្ត្រីកត់សម្គាល់ពីវឌ្ឍនភាពនៃការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ពីវឌ្ឍនភាពនៃការរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បើទោះបីជាកន្លងមកមានការប្រឈមលើចំណុចខ្លះ​ក៏ដោ​យ​នោះ​។ 

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់​អ្នក​យ​ក​ព័ត៌មាន បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្ដម William A. Heidt ឯក​អគ្គ​រដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងខណៈ​ដែ​ល​ឯក​ឧត្ដ​មបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំ​រឹ​ទ្ធិ​​ស័​ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ ឯកឧត្ដម W​i​ll​i​a​m​ A. Heidt បានជម្រាបថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី ដែលបាន​អនុញ្ញាត​ឱ្យ​រូប​ឯក​ឧ​ត្ដ​ម​​ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

ឯកឧត្ដម​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អា​មេរិក ក៏បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ ឆ្នាំដែលឯកឧត្ដម​បា​ន​បំពេញការ​ងារនៅក​ម្ពុ​ជា ឯកឧត្ដមបានរៀនសូត្រជាច្រើន និងបាន ឃើញពីការរីកចម្រើន​រប​ស់​កម្ពុជាកន្លងមក ដូ​ច្នេះ​ឯកឧត្ដមឯអគ្គរដ្ឋទូត នឹងខិតខំធ្វើយ៉ាង ណាជំរុញឱ្យទីក្រុង Was​hi​n​g​t​o​​n យល់អំពីកម្ពុជា​ឱ្យ​បានច្រើន។ តែទោះបីយ៉ាងណាក៏ដោយ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋ​អា​​មេរិក មកដល់ពេ​ល​​នេះកាន់តែប្រសើរឡើងជាច្រើនរវាង ប្រទេសទាំងពីរ។ ឯកឧត្ដមបានមានប្រសាសន៍ បាន​កត់​សម្គាល់ឃើញថា ក្នុងរយៈពេល បំពេញបេសកកម្មជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុង​រ​យៈ​ពេ​ល៣ឆ្នាំនេះ ឯកឧត្ដមបានខិតខំ ជំរុញធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​នៃ​ប្រ​ទេ​ស​​ទាំងពីរឱ្យមានការរីកចម្រើន ហើយមានចំណុចពិសេសជាច្រើនដែល សម្តេចតេជោ​នាយក​រដ្ឋ​ម​ន្ត្រី​ និងឯកឧត្ដមឯកអគ្គរដ្ឋ ទូតបានឯកភាពគ្នា និងបានធ្វើកិច្ចការរួមគ្នាជាច្រើនផងដែរ។

ឯក​ឧត្ដ​ម​ឯ​ក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កេតឃើញពីការរីកចម្រើនជាពិសេស លើវិស័យ​មួ​យ​​ចំ​នួន​នៅប្រទេសកម្ពុជា ដូចជាវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច និងការនាំទំនិញ​ចេញពី​កម្ពុ​ជា​ ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូតអាម៉េរិកមាន ប្រសា​ស​ន៍​ប​ន្ត​​ថា ទោះ​បីកន្លងមកមានការអាក់ខានលើវិស័យមួយចំនួន ក៏ប៉ុន្តែយើងបានប្រា ស្រ័យ​ទាក់​ទ​ង​គ្នា​ល្អប្រសើរ​ឡើង​វិញ​នូវការស្វែងរក MIA និងការធ្វើមាតុភូមិនិវត្តន៍ប្រជាជន កម្ពុជាពីសហរដ្ឋ​អា​មេរិកមកកាន់ទឹកដីរបស់កម្ពុជា។ល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅចំពោះ​មុខ​ឯកអគ្គរដ្ឋទូតសហ​រដ្ឋ​អាមេរិក​ថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេ​ មិនថា​ប្រទេសណានោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ចំណុចនេះ​ទៅ​កាន់លោកអគ្គរដ្ឋទូតកុំឱ្យសហរដ្ឋអាមេរិកមានការងឿងឆ្ងល់ និងព្រួយបារម្ភ ​ចំពោះមូល​ដ្ឋា​ន​ទ័ពបរទេសនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកកម្ពុជា​ក៏​​បានធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហ​រដ្ឋ​អា​​​មេ​រិក ចិន ឥណ្ឌា និងជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុង​គោ​ល​​ដៅដើម្បីកសាងជំនឿទុកចិត្ត និងផ្លាស់ប្ដូរបទពិសោធន៍ ជាពិសេសដើម្បី​ឆ្លើយតបទៅនឹង​គ្រោះ​​មហន្តរាយផ្សេងៗ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការ​ស​ន្ទ​​នា​រវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាក្នុងការរក្សា​នូវទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែប្រសើរឡើងថែមទៀត។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា កន្លង​មក​កម្ពុ​ជា​បានបញ្ជូនកងទ័ពមួក ខៀវទៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ តែ​យើងមិន​អនុ​ញ្ញាតឱ្យមានមូលដ្ឋាន ទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ក៏បានរម្លឹកពី​អ​តីតកាលដែលមាន កងទ័ពមួកខៀវមកលើទឹកដីកម្ពុជា ​ហើយ​បណ្តាលឱ្យមានបញ្ហា​ជា​ច្រើ​ន​​ដូចជាការចម្លង មេរោគ HIV នៅលើទឹកដីកម្ពុជាជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូ​ស​បញ្ជាក់ថា អ្វីដែលកម្ពុជាចាប់អារម្មណ៍គឺកម្ពុជាចង់ឱ្យប្រទេសដែលចូលរួមក្នុងការកសាង​អ​ភិ​​វឌ្ឍន៍កម្ពុជា មានគម្រោងចូលរួមផ្សេងៗដូចជាការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយ ប្រទេស ទាំងឡា​យ​រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនោះផងដែរ ពាក់ព័ន្ធជាមួយនឹងក្តី កង្វល់របស់​សហ​រដ្ឋ​អាមេរិកចំពោះវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា សម្តេចតេជោនា យករដ្ឋមន្រ្តីបាន​ផ្ញើរ​លិ​ខិតមួយច្បាប់រួចរាល់ហើយទៅកាន់ ឯកឧត្ដម Mike Pence អនុប្រធានាធិបតីសហរដ្ឋ​អាមេ​រិ​ក ដោយគូសបញ្ជាក់ថា គ្មានមូលដ្ឋានទ័ពបរទេសនៅ លើទឹកដីកម្ពុជានោះឡើយ។

សម្ដេ​ច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចស្វាគមន៍រាល់ការវិនិយោគ ពីបណ្ដា​ប្រទេ​ស​ទាំ​ង​អស់​មិន​ថាប្រទេសចិន ជប៉ុន ឬសហរដ្ឋអាមេរិក អាចមកធ្វើការ វិនិយោគនៅ​កម្ពុ​ជា​។ ទ​ន្ទឹ​ម​នឹង​នេះផងដែរសម្តេចតេជោក៏បានបញ្ជាក់ដែរថា សម្ដេចមិន អនុញ្ញាតឱ្យមានឥទ្ធិពលបរទេស​នៅ​លើទឹកដីរបស់កម្ពុជាឡើយ៕

ដោយ ជឹម ណារី