សម្តេចប្រធានរដ្ឋសភា និងលោកជំទាវឧបត្ថម្ភអំណោយ និងថវិកាដល់កីឡាករអុំទូកមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — សម្រាប់ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ ថ្ងៃខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ​ បានឧបត្ថម្ភជាអំ​ណោ​យ និងថវិកាដល់កីឡាករអុំទូកមួយចំនួន។ ក្នុងពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានរដ្ឋសភា ដែលបាន នាំយកអំណោ​យ និងថវិកាទៅចែកជូនដល់កីឡាករអុំទូក បានលើកឡើងថា ជារៀងរាល់ឆ្នាំ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវតែងបានធ្វើការឧបត្ថម្ភដល់ក្រុមកីឡាករទូកមួយចំនួន ដើម្បីជាការផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការ ប្រណាំងទូករយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ឆ្នាំនេះសម្តេច និងលោកជំទាវបានផ្តល់ដល់ទូកចំនួន៣គឺ៖ ទី១-ទូកឈ្មោះចេស្តាចក្រីបារមីស្វាយសាច់ភ្នំ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ទី២-ទូកឈ្មោះអគ្គមហាចក្រីបារមីមុនីសាគរ និងទី៣-ទូកឈ្មោះអគ្គមហាចក្រីបារមីសំរិទ្ធ ស្រីសួគ៌មកពីសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយទូកនីមួយ​ៗ​ទទួលបានអង្ករ៣៥០គីឡូក្រាម ថ្នាំពេទ្យ ប្រេងកូឡា ទឹកបរិសុទ្ធ១០០ យួរ ទឹកក្រូច១៥កេស គោជល់១០កេស មី៣កេសធំ និងថវិកា១០លានរៀល។ជាមួយគ្នានេះដែរ ទូកចំនួន៩ផ្សេងទៀតមកពីខេត្តត្បូងឃ្មុំ ទទួលថវិកាឧបត្ថម្ភពី សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងមួយទូកទទួលបានថវិកាចំនួន ២លានរៀល និងមី២កេសធំ ព្រមទាំងឧបត្ថម្ភថវិកាគណៈកម្មការដឹកនាំទូកខេត្តត្បូងឃ្មុំ ៥លានរៀល ទឹកបរិសុទ្ធ១០០យួរ ព្រមទាំងផ្តល់ថ្នាំពេទ្យ ១កេស ដល់ក្រុមគ្រូពេទ្យ ដែលឈរជើងចាំជួយ សង្គ្រោះប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានការចូលរួមពីបណ្តាទូកមកពី ទូទាំងប្រទេសចំនួន២៩៨ទូក និងមានកីឡាករចំណុះទូកជាង១ម៉ឺន ៧ពាន់នាក់៕

ដោយ​ ប៉ាល់ សុង