ប្រមុខការទូតរបស់កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានយោធាបរទេសនោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត ចន្ធូ៖​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានយោធាបរទេសនោះទេ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសទទួលជំនួបជម្រាបលារបស់ឯកឧត្តម William Heidt ដែលនឹងត្រូវចប់អាណត្តិជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានកងទ័ពកម្ពុជានៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនេះ។

ឯកឧត្តម កេត សុផាន់ បានឱ្យដឹងទៀតថា នៅក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រាលចោលនូវការចុះផ្សាយព័ត៌មានបរទេស ដែលចោទប្រកាន់ថា កម្ពុជាផ្តល់មូលដ្ឋានឲ្យកងទ័ពបរទេស ខណៈរាជរដ្ឋាភិបាលកម្ពុជាអនុវត្តយ៉ាងម៉ឹងម៉ាត់តាមរដ្ឋធម្មនុញ្ញអំពីការឈរជើងរបស់កងទ័ពរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ ឯកឧត្តម William Heidt ដែលបានប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ជាពិសេសការជំរុញឲ្យមានប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជា សម្រាប់នាំចូលទៅសហរដ្ឋអាមេរិក៕