យោធាស៊ីរីប្រកាសការធ្វើឱ្យ IS បរាជ័យក្នុងតំបន់ភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០១៨ — តាមទូរទស្សន៍រដ្ឋឱ្យដឹងថា យោធាស៊ីរីបានប្រកាសពីថ្ងៃចន្ទនេះ ការធ្វើឱ្យរដ្ឋអ៊ីស្លាម ( IS )បរាជ័យ ទាំង ស្រុងនៅក្នុងតំបន់ភាគខាងត្បូង បន្ទាប់ពីចាប់យកបានតំបន់កូនភ្នំ al-Safa  ខាងកើតខេត្ត Sweida ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយតាមទូរទស្សន៍មួយថា ជោគជ័យនេះកើតឡើងបន្ទាប់ពីកងកម្លាំងស៊ីរីចាប់យកបានតំបន់មួយ ដែលមានទំហំប្រមាណ៣៨០ គីឡូម៉ែត្រក្រឡានៅក្នុងវាលខ្សាច់ស៊ីរីក្នុងប្រទេសស៊ីរីភាគខាងត្បូង ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា តំបន់ដែលរំដោះបាននោះ គឺសំខាន់ព្រោះវាជាទីតាំងចុង ក្រោយរបស់ IS  ក្នុងប្រទេសស៊ីរីភាគខាងត្បូង ។

យោធាស៊ីរីបានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងទីជនបទភាគខាងកើត Sweida បន្ទាប់ពីការវាយ          ប្រហារថ្ងៃទី១៥ខែកក្កដា ដោយ IS លើតំបន់នានានៅ Sweida ដែលក្នុងអំឡុងពេលនោះមនុស្ស ២៦០ នាក់ បានស្លាប់នឹងប្រហែល៣០នាក់ទៀតត្រូវចាប់ពង្រត់ដោយក្រុមភេរវកម្មដែលមានការរៀបចំនេះ ។

ប្រតិបត្តិការយោធាបានអូសបន្ទាយ ហើយយោធាកាលពីដើមខែនេះបានរៀបចំដើម្បីធានាឱ្យមាន ការដោះលែងចំណាប់ខ្មាំងពីកណ្តាប់ដៃ IS នៅក្នុងវាលខ្សាច់ Sweida រហូតដល់រំដោះបានទាំងស្រុងតំបន់ នេះ ។

 នៅក្នុងសេចក្តីថ្លែងកាណ៍របស់ខ្លួនយោធាបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តវាយប្រហារក្រុមភេរវកម្ម ដែលស្ថិតនៅលើទឹកដីស៊ីរី ។

ប្រភពយោធាមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ កាលពីពេលថ្មីៗនេះថា ពួកសកម្មប្រយុទ្ធជាង ៤២៥នាក់បានស្លាប់ចាប់តាំងពីយោធាបានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងទីជនបទ Sweida កាលពីថ្ងៃទី២៥ខែកក្កដា ។

ជាមួយការប្រកាសកាលពីថ្ងៃចន្ទនេះ ខេត្ត Sweida ទាំងមូលគ្មាន IS ទៀតទេ ។

Sweidaជាតំបន់ដែលមានពួក Druze រស់នៅច្រើននោះជាទូទៅនៅតែមានភាពស្ងប់ស្ងាត់ដដែលក្នុងអំឡុងសង្គ្រាមរយៈពេលជាង៧ឆ្នាំ ក្នុងប្រទេសស៊ីរីលើកលែងតែទីជនបទនៃខេត្តនេះ នៅពេលដែល IS បានត្រួតត្រាតំបន់នៅក្នុងតំបន់វាលខ្សាច់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )