រដ្ឋាភិបាលបារាំងនឹងដំឡើងថ្លៃពន្ធប្រេងឥន្ធនៈ បើទោះបីជាការធ្វើបាតុកម្មដ៏ធំក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បាននិយាយថា រដ្ឋាភិបាលបារាំង​នឹងមិន​លើកលែងចោលការសម្រេចចិត្តរបស់ខ្លួន​ក្នុងការដំឡើងពន្ធលើប្រេងម៉ាស៊ូត និង ​កាបូន​ ឡើយ បើទោះបីជាការធ្វើបាតុកម្មនៅទូទាំងប្រទេសកាលពីចុងសសប្តាហ៍កន្លង​ទៅ​នេះក៏ដោយ។

តាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បារាំង លោក Cristophe Castaner បាននិយាយថា ប្រជាពលរដ្ឋជាង​៤០០នាក់បានរងរបួស នៅក្នុងការតវ៉ាដ៏ធំមួយក្នុងប្រទេសបារាំងប្រឆាំងទៅនឹងការដំឡើងថ្លៃ​ប្រេងឥន្ធនៈ។ ពួក​បាតុ​ករ​ ដែលមានសម្លៀកបំពាក់ព័ណ៌លឿង បាននឹងកំពុងបិទចរាចរណ៍។ ស្រ្តីម្នាក់បានដួលសន្លប់ និងបានស្លាប់នៅក្នុងនាយកដ្ឋានមួយនៅ Isere ភាគអាគ្នេយ៍​ ក្នុងអំឡុងពេលការធ្វើបាតុកម្ម​នោះ។

លោក Philippe បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងចំនួនពីរថា ពន្ធលើកាបូន នឹងត្រូវគេ​រក្សាទុកមួយកន្លែងសិន។​ យើងនឹងត្រូវបិទខ្សែដឹកជញ្ជូនសិន នូវអ្វីដែលយើងបានកំណត់។

លោកនាយរដ្ឋមន្រ្តីបានបន្ថែមថា រដ្ឋាភិបាលបារាំង​យល់ឃើញថា ប្រជាពលរដ្ឋ​បារាំងបានធុញទ្រាន់ទៅនឹងបន្ទុកពន្ធនេះដោយលោកសន្យា​ថា ខ្លួននឹងត្រូវកាត់បន្ថយ​ពន្ធនេះនៅ​ដំណាច់អាណត្តិរបស់ប្រធានាធិបតីបារាំងលោក អ៊ីម៉ានូអែល ម៉ាក្រុង​។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលបារាំង​បានអនុម័ត​លើការសម្រេច​ក្នុងការដំឡើងពន្ធដោយផ្ទាល់លើប្រេងឥន្ធនៈ ដែលជាប្រភេទប្រេងដ៏ពេញនិយមបំផុត​នៅក្នុងប្រទេសនេះ។ បន្ទាប់មកចាប់តាំងពីពេលនោះមកតម្លៃប្រេង​ម៉ាស៊ូត នៅក្នុង​ប្រទេស​បារាំងបាន​ឡើងថ្លៃជាង៤០ភាគរយ៕

( ប្រភព Sputnik៖  បកប្រែដោយលោក មាស សំអុល )