ប្រតិបត្តិការ CPTPP ត្រូវបានពិភាក្សានៅទីក្រុងតូក្យូ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨  — បណ្តាប្រធាននៃក្រុមការងារកិច្ចចរចាចំនួន ១១រូប ដែលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពីថ្ងៃទី ២០​ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីគោលនយោបាយនានា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅចុងឆ្នាំនេះ។

លោក Toshimitsu Motegi រដ្ឋមន្រ្តីទទួលបន្ទុក CPTPP របស់ជប៉ុនបាននិយាយថា ពួកគេនឹងពិភាក្សាអំពីពីរបៀបនៃការធ្វើប្រតិបត្តិការកតិកាសញ្ញា និងគោលនយោបាយមូលដ្ឋាន ស្តីពីការទទួលយកសមាជិកថ្មីនាពេលអនាគតក្រោយពេលចូលជាធរមាន។

លោករំពឹងទុកថា តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់នឹងត្រូវបានពង្រីកបន្ថែម។ កិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខានៅទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ដោយភាគីហត្ថលេខីរួមមានប្រទេសអូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។

នៅក្នុងចំណោមប្រទេសជាសមាជិកចំនួន ១១ មានសមាជិកចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នលើកតិកាសញ្ញានេះរួចរាល់ហើយ ដោយប្រទេសវៀតណាមបានបញ្ចប់នីតិវិធីរបស់ខ្លួនកាលពីសប្តាហ៍មុន។ កាលពីសប្តាហ៍មុន ប្រទេសនូវែលហ្សេឡង់ កាណាដា ជប៉ុន ម៉ិកស៊ិកូ សិង្ហបុរី និងអូស្ត្រាលី បានផ្តល់សច្ចា   ប័នលើកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅចុងឆ្នាំនេះ ដែលត្រូវបានគេរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចបង្កើតឱកាសការងារបន្ថែមកាត់បន្ថយភាពក្រីក្រ និងបង្កើនគុណភាពនៃការរស់នៅរបស់រដ្ឋជាសមាជិក។កិច្ចព្រមព្រៀងនេះក៏នឹងបង្កើតប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយរបស់ពិភពលោកជាមួយនឹងទីផ្សារ     ដែល មានប្រជាជនប្រមាណ ៤៩៩លាននាក់ និងផលិតផលក្នុងស្រុកសរុបចំនួន ១០,១ទ្រីលានដុល្លារអាម៉េរិកដែលស្មើនឹង ១៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកផងដែរ៕

( ប្រភព VNA  បកប្រែដោយលោក យា ចិន្តាខន្តី)