វៀតណាម និងរុស្ស៊ីស្វែងរកមធ្យោបាយក្នុងការជំរុញភាពជាដៃគូ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨  — កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីរុស្ស៊ី លោក Dmitry Medvedev បានពិភាក្សាអំពីវិធានការនានាក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនៅក្នុងអំឡុងពេលនៃកិច្ចចរចានៅទីក្រុងហាណូយ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាលតែងយកចិត្តទុកដាក់ដល់គោលនយោបាយអន្តរជាតិ និងផ្តល់អាទិភាពទៅលើមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកប្រទេសវៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួននៅក្នុងតំបន់អាស៊ី   ។ប៉ាស៊ីហ្វិកមេដឹកនាំទាំងពីរបានចែករំលែកនូវក្តីសប្បាយរីករាយចំពោះការជឿទុកចិត្តផ្នែកនយោបាយដ៏រឹងមាំរវាងវៀតណាម និងរុស្ស៊ី ដោយមានការជួបប្រជុំជាទៀងទាត់ និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិតទាំងអស់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់។

ភាគីទាំងពីរបានព្រមព្រៀងគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំទិវាប្រចាំឆ្នាំវៀតណាមនៅរុស្ស៊ី និងទិវាប្រចាំឆ្នាំរុស្ស៊ីនៅវៀតណាម ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ក្នុងឱកាសគម្រប់ខួបឆ្នាំទី ២៥ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគោលការណ៍មូលដ្ឋានសម្រាប់មិត្តភាពវៀតណាម – រុស្ស៊ី និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី ២១ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម – រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្រ្ត – បច្ចេកវិទ្យា នៅទីក្រុងមូស្គូ កាលពីចុងខែតុលាឆ្នាំ ២០១៨ កន្លងទៅ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)