រាជរដ្ឋាភិបាលក្រើនរំឭកឲ្យប្រជាពលរដ្ឋបង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​ និង​លោក​ ចន​ ណារិទ្ធ​​៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រើនរំឭកឲ្យប្រជាពលរដ្ឋបង្ការគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យអុំទូក ដែលបាននឹងកំពុងធ្វើឡើងក្នុងរាជធានីភ្នំ ពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ។

សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទី សំពះព្រះខែប និងអកអំបុកនេះ យានយន្តធ្វើចរាចរណ៍នឹងមានការកើនឡើងខ្ពស់ខុសពីប្រក្រតី ដែលបង្ករឲ្យកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់ចរាចរណ៍។ ដូច្នេះទាមទារឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបានសីលធម៌យោគយល់អធ្យាស្រ័យ និងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការប្តូរឥរិយាបថនៃការបើកបរ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរនៅលើដងផ្លូវ នឹងអាចកាត់បន្ថយអត្រាគោះថ្នាក់ចរាចរណ៍ ពិសេសជួយសង្គ្រោះជីវិតជនរងគ្រោះពីការស្លាប់ និងរងរបួសឲ្យធ្លាក់មកនូវកម្រិតទាប។

យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមរយៈការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរក្នុងល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គោរពអាទិភាពចរាចរណ៍ មិនត្រូវបត់ឬជែងដោយប្រថុយប្រថាន ឬប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តមុនពេលបើកបរ កុំផ្ទុកអ្នកដំណើរ ឬទំនិញច្រើនលើសកំណត់ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នបំផុត៕