ខេត្តព្រះសីហនុ រៀបចំពិធីប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

AKP ព្រះសីហនុ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រណាំងទូកផ្កាចារ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត​ មីន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋចូលរួមយ៉ាង ច្រើនកុះករ ពិធីនេះ បានរៀបចំឡើង កាលពីសៀលថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច  សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨

បើតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ និងទូកស្នោ បានឱ្យដឹងថា ឆ្នាំនេះ​មានទូកផ្កាចារដែលបានចូលរួមប្រកួតចំនួន​២១ទូក​ មានទូកនារី១ទូក និងទូកស្នោ៦គូ បាន ចូលរួមប្រណាំងរយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅអាង ទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តមយន្ត មីន  បានមានប្រសាសន៍ណែនាំដល់បងប្អូនកីឡាករទូក ដែលបានចូល រួមប្រណាំងនាពេលនេះ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជម្នះ ពីដៃគូប្រកួត ដើម្បីក្រុម និងភូមិរបស់យើង ព្រោះការប្រណាំងទូកនាពេលនេះ ក៏ជាកីឡា មួយដែលវាតែងតែមានចាញ់ និងឈ្នះ និងឈានទៅបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បី ត្រៀមការប្រណាំងនូវឆ្នាំក្រោយទៀត ព្រោះការលេងកីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព មានការប្រាស្រ័យទាក់ទងកិច្ចសហការគ្នាកាន់តែល្អប្រសើរថែមទៀត

សូមបញ្ជាក់ថា ការរៀបចំនៅពេលរាត្រីទីមួយនេះ ក៏មានកម្មវិធីកម្សានជាច្រើនដូចជា អកអំបុក បណ្តែតប្រទីប បង្ហោះគោម និងការប្រគំតន្រ្តីជូនប្រជាពលរដ្ឋកម្សាន្តសប្បាយ ផងដែរ ៕

ដោយ ងូ សុមុនី