ក្រសួងបរិស្ថាន ផ្ដល់ពូជជ្រូកជនជាតិចំនួន៥៤ក្បាល ​ជូនសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងខេត្ដមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ –សហគមន៍តំបន់ការពារធម្មជាតិ (CPA) នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ  បានទទួលពូជ ជ្រូកកណ្ដុរចំនួន៥៤ក្បាល និងសត្វមាន់ដល់ប្រជាសហគមន៍១១គ្រួសារ ចំនួន១១០ក្បាល ព្រមទាំងសម្ភារកសិកម្មពីគម្រោងរបស់អគ្គនាយកដ្ឋានសហ គមន៍មូលដ្ឋាន នៃក្រសួង បរិស្ថាន ដើម្បីជួយលើកស្ទួយប្រាក់ចំណូលប្រចាំថ្ងៃ និងកម្រិតជីវ ភាពរស់នៅ របស់ប្រជាសហគមន៍។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ 

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងចិញ្ចឹមជ្រូកកណ្ដុរ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីផ្ដល់ជូនដល់ប្រជាសហគមន៍យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងប្រពៃណី សំដៅជួយលើក កម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបានបន្ដថា ការផ្ដល់ជូនពូជជ្រូកកណ្ដុរ មាន់ និងសម្ភារកសិកម្មនេះ គឺជាការឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ ហើយ ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាល ទៅលើបច្ចេកទេសចិញ្ចឹមស្ដីពីផលិតកម្មជ្រូកផងដែរ។ 

លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា តាងនាមគណៈអភិបាលខេត្តមណ្ឌលគិរី សូមសម្ដែងនូវក្ដីរីករាយចំពោះគម្រោងចិញ្ចឹម និងការ ផ្ដល់ពូជជ្រូកកណ្ដុរ និងមាន់ ដើម្បីឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងដែន ជម្រក សត្វព្រៃភ្នំណាមលៀរ យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ និងដើម្បីបង្កើនប្រាក់ចំណូល។ លោកអភិបាលរងខេត្ដបានជំរុញឱ្យប្រជាសហគមន៍ដែលទទួលបានពូជជ្រូកកណ្ដុរ និងមាន់ នាថ្ងៃនេះ ត្រូវខិតខំថែរក្សាជ្រូកតាមការណែនាំ និងបច្ចេកទេសឱ្យ​បានល្អ។ លោកក៏បាន ណែនាំដល់ប្រជាសហគមន៍ត្រូវចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិ វប្បធម៌ និងប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីទាក់ទាញវិស័យទេសចរណ៍ដ៏មាន សក្ដានុពលនៅក្នុងខេត្តមណ្ឌលគិរីនេះ។ 

បើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋាននៃក្រសួងបរិស្ថានបានលើកឡើងផងដែរថាអគ្គនាយកដ្ឋានមូលដ្ឋាន បានអនុវត្តន៍ គម្រោងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូល និង ពង្រីកមុខរបរប្រជាសហគមន៍តំបន់ការពារធម្មជាតិ សំដៅកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ ធនធានធម្មជាតិ និងចូលរួមចំណែកក្នុងការអភិរក្សជីវៈចម្រុះ

ដោយ ចាន់បុត្រ