អាជ្ញាធររាជធានីភ្នំពេញ ប្រណាំងទូក សាកល្បង ដើម្បីត្រៀមចូលរួម ប្រកួតថ្នាក់ជាតិនៅថ្ងៃ២១ដល់២៣ ខែវិច្ឆិកានេះ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ – អាជ្ញាធររាជធានីភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​ប្រណាំង ទូក​សាក​ល្បង​ថ្នាក់រាជធានីភ្នំពេញ នៅសួន តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ​ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទិ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ការរៀបចំ អុំទូកសាកល្បង​នេះគឺដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការថ្នាក់ជាតិនៅថ្ងៃ២១ ដល់២៣ ខែវិច្ឆិកាខាង មុខនេះ ក្នងុឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សម្រាប់ការប្រកួរបស់ក្រុមកីឡាករទូក ង រាជធានីភ្នំពេញនេះផងដែរ គឺជា ការហ្វឹក ហាត់ មួយសម្រាប់ត្រៀមកម្លាំង ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ ប្រជែងយកជ័យជម្នះ ។ ជាមួយគ្នានេះ ដែរ សម្រាប់ ទូក «» របស់រាជធានីភ្នំពេញ មានចំនួន៤៦ទូក ស្មើ២៣គូ ។

បើតាមគណៈកម្មការរៀបចំពិធីបានឱ្យដឹងថា  ពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក ង ចូលរួមប្រកួតចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧ មានទូក ង ត្រឹមតែ ២៧០ទូក និងមាន កីឡាករ ជិត២ម៉ឺននាក់។ សម្រាប់ប្រទីបវិញមានចំនួន១៥ លើសពីឆ្នាំមុន ហើយ អាជ្ញាធររាជ ធានីភ្នំពេញរំពឹងទុកថា នឹងមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣លាននាក់។ ទន្ទឹមនេះ អាជ្ញាធរ រាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមដាក់ពង្រាយធុងសំរាម ចំនួន១.៦៧១ធុង តាមទីតាំង សំខាន់ៗ និងមានកម្លាំងសម្អាតចំនួន៨៣៥នាក់។ អាជ្ញាធរក៏សំណូមពរទៅប្រជាពលរដ្ឋទាំង អស់ ដែលមកកម្សាន្ដក្នុងពិធីអុំទូកនេះ ត្រូវរក្សាបរិស្ថាន អនាម័យ ដោយទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ទៅតាមកន្លែងដែលរៀបចំជូន៕

ដោយ សួស សំរិត