ក្រសួងមហាផ្ទៃប្រឡងជ្រើសរើសមន្ត្រីអនុរក្សពន្ធនាគារខណ:​អ្នកទោសកើនឡើងទ្វេរដងក្រោយយុទ្ធនាការបង្ក្រាបគ្រឿងញៀន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

មន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើឲ្យចំនួនអ្នកទោសកើនឡើងសរុបប្រមាណជាង៣ម៉ឺននាក់ ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈពីមុនអ្នកទោសមានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ គឺកើនឡើងទ្វេរដង ដែលតម្រូវឲ្យក្រសួងមហាផ្ទៃប្រឡងជ្រើសរើសមន្ត្រីអនុរក្សពន្ធនាគារបន្ថែមក្នុងពេលនេះ ។

ក្នុងឱកាសកាត់វិញ្ញាសារដាក់ឲ្យដំណើរការប្រឡងជ្រើសរើសមន្ត្រីអនុរក្សពន្ធនាគារក្របខ័ណ្ឌក្រសូងមហាផ្ទៃ នៅមណ្ឌល់ប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោក អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារចំនួនអ្នកទោសមានការកើនឡើងខ្លាំង គឺកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងមុនយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបក្រសួងមហាផ្ទៃធ្វើការប្រឡងជ្រើសរើសមន្ត្រីអនុរក្សពន្ធនាគារបន្ថែម គឺចាប់តាំងពីឆ្នាំ២០០២កន្លងមក មានការជ្រើសរើសដែរ តែមានចំនួនតែពី៦០ទៅ៧០នាក់ទេ ប៉ុន្តែឆ្នាំនេះជ្រើសរើសរហូតដល់៦៥៣នាក់ ក្នុងនោះ ប្រឡងកាលពីខែមករាដើមឆ្នាំនេះ ជ្រើសបានចំនួន៣៥០នាក់ និងប្រឡងក្នុងពេលនេះចំនួន៣០៣នាក់បន្ថែមទៀត ។

លោក បន្តថា រហូតដល់ពេលនេះ អ្នកទោសមានការកើនឡើងរហូតដលប្រមាណជាង៣ម៉ឺននាក់ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ គឺកើនទ្វេដង ដែលពីមុនអ្នកទោសមានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ រួមជាមួយកង្វះខាតអគារផងនោះ ទើបក្រសួងត្រូវការអនុរក្សបន្ថែម ដើម្បីយាម និងឃ្លាំមើលអ្នកទោសបន្ថែម ។

លោក អ៊ួង ចន្ធី បានឲ្យដឹងទៀតថា តាមការពិតកង្វះខាតទាំងអគារ និងអនុរក្សជាច្រើនកន្លែងនៅទូទាំងប្រទេស ប៉ុន្តែក្រសួងមហាផ្ទៃ បានសម្រេចជ្រើសយកអនុរក្សពន្ធនាគារ ដើម្បីបំពេញបន្ថែមនៅទីតាំងដែលចាំបាច់មុនគេ។

បើតាមការឲ្យដឹងពីមន្ត្រីរៀបចំការប្រឡង បានបញ្ជាក់ថា សំរាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ ឯកឧត្ដម​ ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ,ឯកឧត្ដម​ ប្រាក់ សំអឿន អគ្គ នាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ,លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួម កាត់វិញ្ញាសារសំរាប់ការប្រឡងនេះ ដែលមានបេក្ខជន បេក្ខនារី ចូលប្រឡងចំនួន៤១៦នាក់ ដែលត្រូវជ្រើសរើសយក មានចំនួន១០នាក់ មកពីពន្ធនាគារ រាជធានីភ្នំពេញ,ពន្ធនាគារខេត្តតាកែវ, ពន្ធនាគារខេត្តកណ្តាល, មណ្ឌលអប់រំកែប្រែទី១, មណ្ឌលអប់រំកែប្រែទី២មកប្រឡងចូលគ្នា ក្នុងរយៈពេលពេញមួយព្រឹក ថ្ងៃទី១៨ វិច្ឆិកានេះ គឺដំណាលគ្នានឹងការប្រឡងនៅទូទាំងប្រទេស ប្រទេសផងដែរ។

ចំពោះវិញ្ញាសារ ដែលត្រូវលើកយកមកប្រឡង ត្រូវបានបែងចែកជា២ ទី១៖សំរាប់មន្ត្រីប្រតិបត្តិ នៅពន្ធនាគារ មានចំណេះដឹងទូទៅ ចំណេះដឹង លើវិស័យពន្ធនាគារ និងគណិតវិទ្យា ។ ទី២៖សំរាប់មន្ត្រីជំនាញឯកទេស (វេជ្ជបណ្ឌិត ពេទ្យមធ្យម វិស្វករក្សេត្រសាស្ត្រ ស្ថាបត្យករ បសុពេទ្យ និងមន្ត្រីជំនាញ ពត៌មានវិទ្យា ប្រឡងលើវិញ្ញសារ ចំណេះដឹងទូទៅ ចំណេះដឹងលើវិ ស័យសិទ្ធិមនុស្ស និងពន្ធនាគារ, និងវិញ្ញាសារ ជំនាញឯកទេស ដោយប្រើរយះពេលប្រឡង ១ម៉ោងនិង៣០នាទី ៕