អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបន្តអភិរក្សសត្វត្មាត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿម ប្រចាំនៅខេត្តស្ទឹងត្រែង៖​

សត្វត្មាតប្រមាណជិត១០០ក្បាលរស់នៅតំបន់ព្រៃអភិរក្សខាងកើតនឹងខាងលិច ក្នុងឃុំព្រែកមាសនឹងឃុំថ្មកែវ ក្នុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះចំណាយថវិកាជាង១០០០ដុល្លារ សម្រាប់ទិញចំណីឱ្យស៊ីក្នុងមួយខែ២ដង។

លោកទី ស្រុន ប្រធានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ ការធ្វើបែបនេះដើម្បីថែទាំ សត្វត្មាតនឹងសត្វស្លាបផ្សេងៗទៀតឱ្យគង់វង្សនៅក្នុងតំបន់អភិរក្ស ដែលក្រសួងបរិស្ថានបានកំណត់រួចមកនេះ កុំឱ្យវាទៅរស់នៅតំបន់ព្រៃនៃទឹកដី ប្រទេសឡាវ ខ្លាចត្រូវគេសម្លាប់វា នឹងនាំឱ្យបាត់បង់សម្បត្តិធម្មជាតិរបស់យើង។លោកបន្តថា៖នៅចន្លោះចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី២៥ជារៀងរាល់ខែ ក្រុមអភិរក្សសត្វត្មាតបានផ្តល់ចំណីបន្ថែមឱ្យពួកវាក្នុងមួយខែ២ដងជាប្រចាំ។

លោកប៊ុនឌីណា មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិនេះដែរ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅឃុំថ្មកែវនឹងឃុំព្រែកមាស បានងាកមកធ្វើស្រូវត្រយ៉ងយក្ស ដែលអង្គការផ្តល់ពូជឱ្យបានគ្រប់ៗគ្នា ព្រោះ នៅពេលបានផលក្រុមអភិរក្សសត្វត្មាតប្រមូលទិញ មកវិញ ក្នុងតំលៃ១២០០ទៅ១៣០០រៀលក្នុងមួយគីឡូក្រាម។ លោកថា៖នេះ ជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វនឹងពឹងផ្អែកលើផលអនុផលព្រៃឈើទៀត។

លោកស៊ីនដានមេឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ការអភិរក្សសត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋបានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វទាំងនេះ។

សូមបញ្ជាក់ថា៖សត្វត្មាតបច្ចុប្បន្ននេះពេលយើងដាក់ចំណីបន្ថែមឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៩០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ។ ជាមួយនេះក៍សង្កេតឃើញមាន-សត្វត្រយ៉ងយក្ស- សត្វចំកំ កស-សត្វត្រដក់តូច-នឹងត្រដក់ធំ-ផងដែរ ដែលមានរស់នៅតំនប់ព្រៃអភិរក្សសៀមប៉ាងទាំងពីនេះ៕