អ្នកស្រាវជ្រាវផ្នែកគណិតវិទ្យាមកពីបណ្តាប្រទេសចំនួន១០ នៅលើពិភពលោកបានជួបពិភាក្សាគ្នានៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ — សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្ហាញថា កម្ពុជាកំពុងមានតម្រូវការ ធនធានមនុស្សក្នុងការសិក្សាស្រាវជ្រាវគណិតវិទ្យាអនុវត្តន៍និងស្ថិតិ ខណៈបច្ចុប្បន្នកម្ពុជាមាន​ធនធានមនុស្សផ្នែកនេះប្រមាណ៥ភាគប៉ុណ្ណោះ។


ថ្លែង​នៅ​ក្នុង​សន្និសីទអន្តរជាតិលើកទី២ស្តីពី​គណិតវិទ្យាអនុវត្តន៍ និងស្ថិតិនៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ស៊ាម ង៉ុន អនុប្រធាន ដេប៉ាតិម៉ងគណិត វិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​បាន​មាន​ប្រសាសន៍ថា សន្និសីទ នេះគឺមាន​សារៈសំខាន់ណាស់​សម្រាប់វិស័យអប់រំកម្ពុជា តាមរយៈការបណ្តុះ បណ្តាល និងការ​ស្រាវជ្រាវ​​ផ្នែកគណិត វិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង​ជួយដល់ លោកគ្រូអ្នកគ្រូនៅថ្នាក់ក្រោមផងដែរ។ សម្រាប់ការជួបពិភាក្សានៅ​ក្នុងសន្និសីទអន្តរជាតិស្តីពី​គណិតវិទ្យាអនុវត្តន៍ និងស្ថិតិនេះគឺធ្វើការពិភាក្សាដោយផ្តោត សំខាន់ទៅលើការស្រាវជ្រាវ នៅថ្នាក់ឧត្តមសិក្សារវាងអ្នកស្រាវជ្រាវកម្ពុជាជាមួយអ្នកស្រាវជ្រាវមកពីបណ្តាប្រទេសចំនួន១០នៅលើពិភពលោក ដូចជា ជប៉ុន កូរ៉េ អូស្រ្តាលី អាហ្វ្រិក និងថៃ ជាដើម។


លោកបាន​ពន្យល់ថា ការស្រាវជ្រាវគណិតវិទ្យានេះ គឺមាន​សារៈសំខាន់ណាស់ សម្រាប់ការប្រើប្រាស់ទូទៅ ហើយបច្ចុប្បន្ននេះ កម្ពុជាកំពុងមានតម្រូវការធនធានមនុស្ស ក្នុងការសិក្សាស្រាវជ្រាវគណិតវិទ្យាអនុវត្តន៍ និងស្ថិតិខណៈបច្ចុប្បន្នកម្ពុជា មាន​ធនធានមនុស្សផ្នែកនេះប្រមាណ៥ភាគប៉ុណ្ណោះ។

លោកបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ដេប៉ាតិម៉ងគណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញបានលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងផ្នែកស្រាវជ្រាវគណិតវិទ្យានេះ ហើយ​បើគាត់ ពូកែខាងសាកលវិទ្យាល័យ និងបញ្ជូនពួកគាត់ទៅរៀននៅក្រៅប្រទេសដោយរកអាហា រូបករណ៍សម្រាប់ពួកគាត់។
លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន​មាន​ប្រសាសន៍ថា គណិតវិទ្យាគឺមា​នសារៈ​សំខាន់ណាស់សម្រាប់មនុស្សប្រើប្រាស់ទូទៅ និងនៅគ្រប់ទីកន្លែង ដូច្នេះការ​ជួបពិភាក្សាគ្នារបស់អ្នកស្រាវជ្រាវអន្តរជាតិ នៅពេលនេះគឺមានសារៈសំខាន់ណាស់ ហើយក្រោយពីការស្រាវជ្រាវនេះត្រូវបាន​បញ្ចប់ គេនិងយកទៅចងក្រងជាសៀវភៅមួយប្រាប់អ្នកឱ្យប្រើប្រាស់។

លោកបាន​បញ្ជាក់ថា ដើម្បីឱ្យយុវជនមាន​ការ​ចាប់អារម្មណ៍មកសិក្សាស្រាវជ្រាវនៅទី នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និង​បងង្កើត​ឱ្យសញ្ញាបត្រមួយផ្នែកគណិតវិទ្យា ហើយសញ្ញាបត្រនេះមាន​ប្រសិទ្ធអាចយកទៅធ្វើការនៅផ្នែកឬជំនាញ​អ្វីក៏បាន៕

ដោយ ឃុត សៅ